(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋាននគរបាលកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លាំងនគរបាល ដែលកំពុងឈរជើងប្រចាំការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប។

អង្គភាពចំណុះនាយកដ្ឋាននគរបាលកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ដែលលោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ចុះពិនិត្យសួរសុខទុក្ខ និងត្រួតពិនិត្យនាឱកាសនោះ រួមមាន៖ នគរបាលការពារបេតិកភណ្ឌ, នគរបាលទេសចរណ៍, នគរបាលចរាចរណ៍ និងនគរបាលបង្ការ ទប់ស្កាត់អគ្គិភ័យ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ជូនកងកម្លាំងទាំងអស់ដែលកំពុងប្រចាំការការពារនៅខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានគូសបញ្ជាក់ និងបង្ហាញការស្ញប់ស្ញែងចំពោះកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបំពេញកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ដែលមកកម្សាន្ដសប្បាយ ហើយត្រូវឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកបានសង្កត់ធ្ងន់ទៀតថា ទាំងអស់នេះជាការលះបង់ខ្ពស់របស់កងកម្លាំងនគរបាលជាតិ និយាយដោយឡែក និងនិយាយជារួម កងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីតែសេចក្ដីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ មិនគិតពីពេលវេលាផ្ទាល់ខ្លួននោះឡើយ។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ក៏បានក្រើនរំលឹក និងផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវថែរក្សាសុខភាព ដោយទទួលទានឲ្យបានគ្រប់គ្រាន់ផងដែរ។

លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ក៏បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងជាតិ អន្ដរជាតិ ឲ្យបាន១០០ភាគរយ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឲ្យរៀបចំកម្មវិធីអង្គរសង្ក្រាន្ដឡើងវិញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏អញ្ជើញចូលរួមដោយផ្ទាល់ផងដែរ៕