(កំពង់ចាម)៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ញើសារចូលរួមអបអរសាទរទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ជាមួយបងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ខាងមុខនេះ។

ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ លោក អ៊ុន ចាន់ដា សម្តែងនូវការកោតសរសើរប្រកបដោយមោទកភាពយ៉ាងក្រៃលែង ជូនចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មបម្រើជាតិ សាសនា និងព្រះមហាក្សត្រ ដោយបាននាំយកមកនូវជោគជ័យ និងសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ។

បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានចូលរួមសារទរ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាការពារសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ និងចូលរួមអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់កម្រិតជីវភាព កសាងអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើន និងការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងមហាគ្រួសារខ្មែរ ក្រោមដំបូលនៃសុខសន្តិភាព។

ក្នុងឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦កន្លងទៅនេះ ដោយកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្មារតីចូលរួមប្រកបដោយឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមូលដ្ឋានក្នុងបេសកកម្មថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈរបស់សង្គមជាតិយើង។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា ក៏សូមអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ឲ្យបន្តយកចិត្តទុកដាក់បំពេញភារកិច្ច ឲ្យកាន់តែប្រសើរឡើង បន្ថែមទៀតក្នុងឆ្នាំថ្មីនេះ ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនយើង។ ជាមួយនឹងក្ដីអំណរសាទរក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមតាមជួយថែរក្សា ប្រោសព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល បរវមហាប្រសើរថ្លៃថ្លា ជូនចំពោះមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងសូមទទួលបាននូវសេចក្ដីសុខចំរើនគ្រប់ក្រុមគ្រួសារ និងទទួលជោគជ័យគ្រប់ភារកិច្ចក្នុងឱកាសឆ្នាំថ្មីនេះ៕