(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះការរៀបចំ មហាព្រឹត្ដិការណ៍អង្គរសង្រ្កាន្ដដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ ព្រះនាងកិមិរាទេវី នៅខេត្ដសៀមរាប ថ្ងៃទី១៤.១៥.១៦ ខែមេសា ឆ្នាំ២០២៣នេះ ដែលរៀបចំទ្បើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចតេជោ ហ៊ុន សែន ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីបុរាណរៀងមកយ៉ាងប្រពៃថ្លៃថ្លានេះ ។

អង្គរសង្រ្កាន្ដបានពីសន្ដិភាព គឺប្រៀបបានក្នុងចក្រភពអង្គរដែលធ្វើឲ្យខេមរជនទាំងជាតិ និងអន្ដរជាតិនឹកទៅដល់ចក្រភពអង្គរដ៏រុងរឿងនៃយើង។ ព្រោះព្រឹត្ដិការណ៍អង្គរសង្រ្កាន្ដនេះ បានបង្ហាញអំពីជីវិតរស់រានឡើងវិញនៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ល្បែង របាំប្រជាប្រិយយ៉ាងសំបូរបែបរបស់បុព្វបុរសខ្មែរដ៏ល្អផូរផង់តាំងពីបុរាណរៀងមក។

លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងបរិយាកាសអង្គរសង្រ្កាន្ត ដែលជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីអង្គរដ៏សែនសប្បាយរីករាយនេះ បើយើងពោលពីទិដ្ឋភាព
អង្គរសង្រ្កាន្ដ បានពីសន្ដិភាពបានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិនឹកទៅដល់ចក្រភពអង្គរដ៏រុងរឿងនោះគឺ៖

១៖ នឹកដល់អតីតរាជធានីចក្រភពអង្គរដ៏រុងរឿងនៃយើង ដែលជាទឹកដីបណ្ដុំដោយមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីយ៉ាងសំបូរបែបនៃប្រជាជាតិខ្មែរតាំងពីបុរាណរៀងមក ។

២៖ ជាឱកាសដែលនាំឲ្យខេមរជនទាំងជាតិ និងអន្ដរជាតិ មានសុខសុវត្តិភាពភាព ភាពសប្បាយរីករាយ ហ៊ោកញ្ជៀវយ៉ាងក្អាកក្អាយនឹងរស់រវើកទ្បើងវិញ ជាក់ស្ដែងដូចយើងបានឃើញបរិយាកាសអង្គរសង្រ្កាន្ដខេត្ដសៀមរាប ក៏ដូចជាសង្រ្កាន្ដ បណ្ដាខេត្ដនានាទូទាំងប្រទេសកម្ពុជា ដោយមានតុបតែងពន្លឺភ្លើងចម្រុះពណ៌ ហើយប្រជាជនស្លៀកសំលៀកបំពាក់ប្រពៃណីជាតិយ៉ាងស្រស់ស្អាត ប្រកបដោយទឹកមុខញញឹមរួសរាយរាក់ទាក់យ៉ាងស្រស់បំព្រង។

៣៖ រំឭកទៅដល់ខេមរជនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ឲ្យរក្សាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងតាំងពីបុរាណរៀងមកក្នុងការគោរពដឹងគុណ មាតា បិតា ក្រុមគ្រួសារសាច់សាលោហិត ញាតិកាលទាំងទ្បាយ និងបុព្វការីជនគ្រប់ជំនាន់។

៤៖ ផ្តល់ឱកាសឲ្យភ្ញៀវជាតិ និងអន្ដរជាតិបានមកដល់ទឹកដីអច្ឆរិយអង្គរជួបជុំសប្បាយរីករាយនិងបង្កើតមិត្តថ្មីៗឈ្វេងយល់ពីវប្បធម៌ផ្សេងៗគ្នាមកពីគ្រប់តំបន់ គ្រប់ទី្វបនៅលើពិភពលោកយើងនេះ។

៥៖ ជាឱកាសផ្ដល់ឲ្យយុវជន យុវនារី ជួបជុំគ្នាលេងល្បែងប្រជាប្រិយ ប្រពៃណីជាតិ ដើម្បីសាងនូវអនុស្សាវរីយ៍ល្អៗ ដែលមិនអាចបំភ្លេចបានជាមួយគ្នា ជាមួយនឹងកាមេរ៉ាស្មាតហ្វូនភ្ជាប់ទៅនឹងពិភពលោក ក្លាយជាចំណងសាមគ្គីភាពដែលមិនអាចបំភ្លេចបានពីមហាជនខ្មែរគ្រប់ខេត្ដក្រុងនៃកម្ពុជា ក៏ដូចពីគ្រប់ជាតិសាសន៍លើពិភពលោក។

ជាសរុបលោក រត្ន័ សណ្ដាប់ ក៏បានថ្លែងដោយអំណរសាទរផងដែរ ចំពោះយុវជនដែលជាកុលបុត្រកុលធីតា សម័យតេជោ សន្ដិភាព ក្រោយពីការប្រយុទ្ធឈ្នះសង្គ្រាម Covid-19 ហើយបានរៀបចំអង្គរសង្រ្កាន្ដរហូតឈានដល់ការបំបែកកំណត់ត្រាពិភពលោក ពីប្រទេសអង់គ្លេស Guinness World Records គឺ «បេះដូងច្រើនជាងគេលើពិភពលោក» នៅប្រាសាទអង្គរវត្ត ដែលមានចំនួន ៣,៩១៧,៨០៥បេះដូង។ យើងអាចហៅថា «បេះដូងចម្រុះពណ៌» ជាបេះដូងខ្មែរសម័យតេជោសន្ដិភាព ដែលពោរពេញដោយក្តីស្រឡាញ់ គឺមិនប្រកាន់វណ្ណះ ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនាអ្វីទ្បើយ។

ដូច្នេះអង្គរសង្រ្កាន្ដគឺជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដ៏ប្រពៃថ្លៃថ្លានៅលើទឹកដីនៃខេត្ដសៀមរាបនេះ គឺពិតជាធ្វើឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិពីគ្រប់ទិសទីដែលបានមកដល់ទឹកដីអច្ឆរិយអង្គរ បានសប្បាយរីករាយនិងចងចាំមិនអាចបំភ្លេចបានក្នុងជីវិត ដូចពាក្យចាស់បុរាណពោលថា «មួយជីវិតត្រូវស្គាល់អង្គរ» ម្ដង៕