(ភ្នំពេញ)៖ ដំណើរការលើកទំនប់សណ្តស្ទឹង ដើម្បីការពារទឹកជំនន់ស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ មានទទឹង៦ម៉ែត្រ បណ្តោយប្រវែង ៦,៥៤៦ម៉ែត្រ សម្រេចបានប្រមាណជិត៥០ភាគរយហើយ ដើម្បីឱ្យការងារនេះ សម្រេចទៅតាមផែនការ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាទំនប់សណ្តស្ទឹង ដើម្បីពន្លឿនដំណើរការងារឱ្យរួចរាល់មុនរដូវវស្សាចូលមកដល់។

បើតាមលោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះថា ការដ្ឋានស្ថាបនាទំនប់សណ្តស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ មានទទឹង៦ម៉ែត្រ បណ្តោយប្រវែង៦៥៤៦ម៉ែត្រ។

ទំនប់នេះ ក្រៅពីការពារទឹកជំនន់ព្រែកត្នោតហើយ ទំនប់នេះ ក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ។ ទំនប់នេះ បានបើកការដ្ឋាន កាលពីដើមខែមីនា ឆ្នាំ២០២៣នេះ ដោយគ្រោងអោយរួចរាល់នៅមុនរដូវវស្សាខាងមុខ។ ការដ្ឋាននេះសម្រេច លើការចាក់ដីលើកជាទំនប់បានប្រមាណ ៣,០០០ម៉ែត្រ ស្មើនឹង៤៥%។

លោក ឃួង ស្រេង បានលើកឡើងថា គម្រោងលើកជាទំនប់ សណ្តស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ យើងបានលើកខ្ពស់ជាងមុន ហើយក៏មានទំហំធំជាងមុនផងដែរ។ ទំនប់នេះមិនត្រឹមតែជាទំនប់ការពារទឹកជំនន់ប៉ុណ្ណោះទេ វាក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ។ បន្ថែមពីនេះទៀត ដោយសារទំនប់យើងធំ ពេលមានទឹកជំនន់កើតឡើង យើងអាចទប់លើទំនប់នេះបានហើយ ប្រជាពលរដ្ឋក៏នៅតែអាចធ្វើដំណើរបានជាធម្មតាថែមទៀត៕