(កំពង់ចាម)៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ឱ្យពង្រឹងសមត្ថភាព ធ្វើកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានទំនុកចិត្ត និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងថា ឆ្នាំចាស់កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាមបានខិតខំរួមសាមគ្គីគ្នា ក្នុងការងារអភិវឌ្ឍន៍ និងកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋ បន្សល់ទុកនូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ។ ប៉ុន្តែទោះជាយ៉ាងនោះក្តី កិច្ចការបន្តនៅក្នុងឆ្នាំថ្មីនេះ មន្ត្រីរាជការនៃរដ្ឋបាលខេត្តទាំងអស់ ត្រូវរួបរួមគ្នាបន្តការងារទៅមុខទៀត គឺត្រូវប្រកាន់គោលការណ៍ពង្រឹងនូវគុណភាព នៃស្ថាប័នមួយនេះ ឱ្យកាន់តែមានភាពរឹងមាំឱ្យកាន់តែមានជំនឿទុកចិត្ត ហើយនិងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ស្ថាប័នរដ្ឋបាលខេត្ត គឺជាចំណុចស្នូល ដែលដាក់ចេញជាទិសដៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្ត្រីរាជការគ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ទទួលបានគោលការណ៍យកទៅអនុវត្ត ធ្វើយ៉ាងណាកសាងនូវជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

លោកអភិបាលខេត្តបានបន្តថា ដើម្បីផ្ដល់ក្តីសង្ឃឹម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដូច្នេះមន្ត្រីនៃរដ្ឋបាលខេត្តកំពង់ចាម ត្រូវពង្រឹងសមត្ថភាព ពឹងផ្អែកទៅលើការបណ្ដុះបណ្ដាល និងត្រូវសិក្សាស្រាវជ្រាវឱ្យបានច្រើនបន្ថែមទៀត ពោលគឺត្រូវបន្តរៀនបន្ថែមទៀត តាមរយៈវគ្គបណ្ដុះបណ្ដាល ដើម្បីយកសមត្ថភាពពិតទៅបម្រើការងារ ទៅបម្រើប្រជាពលរដ្ឋមិនខុស គឺការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព គុណភាព តម្លាភាព មិនប្រកាន់ មិនរើសអើង សាសនា ឬនិន្នាការនយោបាយឡើយ៕