(ព្រះសីហនុ)៖ រដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីអាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ ចុះអនុវត្តដីកាសម្រេចរក្សាការពារលេខ ១២៥៩ត.រ/១៩ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ លើទីតាំងដីស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកស្ទឹងហាវ បានឱ្យដឹងថា ពាក់ព័ន្ធនឹងការអនុវត្តដីការសម្រេចខាងលើ គឺស្ថិតនៅលើទីតាំងដី មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុលេខ ព.ន ០០៨៨៧៧ មានម្ចាស់ឈ្មោះ មាន សុខឡាង និងប័ណ្ណលេខ ព.ន ០០៨៩១៤ មានម្ចាស់ ឈោ្មះ មាន សុខអ៉ឹម។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល រដ្ឋបាលស្រុកស្ទឹងហាវ បានរំលឹកថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ម្ចាស់ប័ណ្ណសម្គាល់សិទ្ធិទាំងពីរនាក់នេះ បានដាក់ពាក្យស្នើសុំទៅសាលាដំបូងខេត្តព្រះសីហនុ ហើយក្នុងនោះសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាសម្រេច រក្សាការពារលេខ ១២៥៩ត.រ/១៩ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចចាត់ចែងជាបណ្តោះអាសន្ន ដោយហាមឃាត់កូនបំណុលឈ្មោះ លី ម៉េង ឈ្មោះ តុប សារ៉ាត់ និងឈ្មោះ ទែន ណាវ ដូចខាងក្រោម៖

ទី១៖ មិនឱ្យចូលកាន់កាប់ កាប់ឆ្ការព្រៃ ឈូសឆាយដី សាងសង់ផ្ទះ និងស្នាក់នៅលើដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ព.ន ០០៨៨៧៧ និងលេខ ព.ន ០០៨៩១៤ មានទីតាំងស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ទី២៖ រើផ្ទះ សំណង់ផ្សេងៗ និងដកបង្គោលរបងចេញពីដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ព.ន ០០៨៨៧៧ និងលេខ ព.ន ០០៨៩១៤ មានទីតាំងស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ការអនុវត្តដីកាសម្រេចខាងលើនេះប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដឹកនាំដោយលោក អ៉ឹម សុភ័ក្រ្ត អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ លើទីតាំងដីស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយបានរុះរើរោងឈើប្រក់ស័ង្កសី និងរបងថ្មមួយចំនួន។ ក្នុងពេលអនុវត្តរបស់អាជ្ញាសាលា ភាគីកូនបំណុលបានចេញមករារាំង និងប្រើហិង្សាទៅលើម្ចាស់ដី ពេលនោះកម្លាំងសមត្ថកិច្ចបានចូលទៅធ្វើការសម្របសម្រួល និងទប់ស្កាត់អំពើហិង្សាបានភ្លាមៗ។

គួរបញ្ជាក់ផងដែរថា ក្រោយពីមានការសម្របសម្រួល និងបញ្ចប់ការអនុវត្ត ក៏មានប្រជាពលរដ្ឋប្រមាណ ៤០នាក់ ដែលមិនមានការពាក់ព័ន្ធលើទីតាំងដី បានធ្វើសកម្មភាពប្រមូលផ្ដុំគ្នាបិទផ្លូវចេញ-ចូល និងបង្កភាពអនាធិបតេយ្យ ក្នុងគោលបំណងរារាំងការចុះអនុវត្តរបស់អាជ្ញាសាលា៕