(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រីបណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញដឹកនាំក្រុមការងារគ្រប់ថ្នាក់ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបើកព្រឹត្តិការណ៍សង្រ្កាន្តចូលឆ្នាំបន្ទាយឆ្មារ នៅក្តារតាបែន ប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងនាមក្រុមការងារ នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលាគ្រប់កាលៈទេសៈ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្រ្គាមទាំងស្រុងដោយកម្ពុជាខ្លួនឯង នាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស មានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេសពីបាតដៃទទេរហូតមានអ្វីគ្រប់យ៉ាងដូចសព្វ មានសេរីភាព ទំនៀមទំលាប់ សាសនា ជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើកតម្កើង ផ្ទុយពីរបបអតីតកាលអាវខ្មៅ សាហាវយង់ឃ្នងបំផ្លិញបំផ្លាញកម្ពុជាដល់សូន្យ។

ជាមួយនឹងការសប្បាយរីករាយ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអរគុណដល់បងប្អូនទាំងអស់ ដែលចូលរួមនិងសូមបន្តចូលរួមជាមួយសម្តេចតេជោបន្តថែរក្សាសុខសន្តិភាពព្រោះថាអ្វីៗទាំងអស់រស់បានតែក្នុងប្រទេសមានសុខសន្តិភាព «មានសន្តិភាព មានការអភិវឌ្ឍ គ្មានសន្តិភាពកុំនិយាយពីការអភិវឌ្ឍ សូម្បីតែជីវិតមិនដឹងគង់ ឬអត់ផង» និងសូមអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសបន្តទៀត និងបន្តគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត៕

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកា និងប្រដាប់ប្រើប្រាស់ សំលៀកបំពាក់ឧបត្ថម្ភដល់៖ មនុស្សវ័យចាស់ តាជី យាយជី សរុប ៥៥០នាក់ ប្រជាពលរដ្ឋចូលរួម គណៈកម្មការរៀបចំ ក្រុមជាងជួសជុលប្រាសាទ កងកម្លាំងការពារដែលសរុបរួមជាថវិកាប្រមាណ១៥០លាន៥៥០ពាន់រៀល

ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងក្រុមការងារបានអញ្ជើញស្តង់តាំងពិរព័ណ៍ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្តង់ល្បុក្កតោ និងស្តង់តាំងពិព័រណ៍ភូមិមួយផលិតផលមួយរបស់វិស័យរដ្ឋ ឯកជននានា ចូលរួមលេងល្បែងប្រជាប្រីយ រាំកម្សាន្តចង្វាក់ប្រពៃណីខ្មែរផងដែរ៕