(កំពង់ឆ្នាំង)៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីដុតបំផ្លាញផ្ទះម្ដាយមីង របស់ខ្លួន១ខ្នង បណ្ដាលឱ្យឆេះខ្ទេចទាំងស្រុង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៖១៥នាទី រំលងអធ្រាតឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិដា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោកវីរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ ឱ្យដឹងថា ម្ចាស់ផ្ទះជាជនរងគ្រោះឈ្មោះ ស៉ឹម សឹង ភេទស្រី អាយុ៦១ឆ្នាំ ចំណែកជនសង្ស័យ ឈ្មោះ ស៉ឹម ធា ភេទប្រុស អាយុ២៧ឆ្នាំ ធ្វើការនៅរាជធានីភ្នំពេញ ទើបតែមកលេងស្រុក និងបានមកស្នាក់នៅជាមួយម្ដាយមីងដែលជាម្ចាស់ផ្ទះខាងលើនេះ។

លោកអធិការបានបន្តថា នៅយប់កើតហេតុជនសង្ស័យបានមកពីផឹកស៊ី ហើយក៏ត្រូវម្ដាយមីងស្ដីបន្ទោសបន្តិចបន្តួច រូបគេក៏មានចិត្តខឹងនឹងម្ដាយមីងដែលបានស្ដីបន្ទោសឱ្យខ្លួន ដោយដំបូងឡើយរូបគេក៏បានយកដំបងវាយបំបែកពាងទឹកអស់ចំនួន៣។ បន្ទាប់មកក៏យកភ្លើងមកដុតផ្ទះតែម្ដង។

លោកអធិការស្រុករូបនេះ បានបញ្ជាក់ថា ខណៈដែលមានអគ្គិភ័យកំពុងតែឆាប់ឆេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ច ខណៈនោះលោកក៏បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋានស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងនាំយករថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន៣ រថយន្តផងដែរ ទើបគ្រប់គ្រងមិនឱ្យមានការការឆេះរាលដាលឆ្លងទៅផ្ទះប្រជាពលរដ្ឋដទៃទៀតបាន។

លោកវរសេនីយ៍ឯក បានបញ្ជាក់ទៀតថា ក្នុងការពន្លត់អគ្គិភ័យខាងលើនេះ លោកក៏មានការសោកស្ដាយផងដែរ ដោយសារតែក្រុមការងាររបស់លោកមិនអាចជួយពន្លត់បានទាន់ពេល ដែលធ្វើឱ្យផ្ទះមួយខ្នងមានទំហុ៊ុំ ៥ គុណ៧ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សង័្កសី ជញ្ជាំងបាំងស័ង្កសី ក្រាលក្តា ដែលជនសង្ស័យបានដុតនោះ គឺបណ្ដាលឱ្យឆេះអស់ទាំងស្រុង ក្នុងនោះក៏មានការឆេះខូចខាតសម្ភារប្រើប្រាស់ដែលនៅក្នុងផ្ទះអស់មួយចំនួនផងដែរ។

បើតាមការបញ្ជាក់របស់លោកអធិការខាងលើនេះ បានឱ្យដឹងថា ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះផងដែរ៕