(ភ្នំពេញ​)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ​ នៅថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៣នេះ បានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនប្រជាពលរដ្ឋ​ដែលប្រេីប្រាស់មធ្យោបាយដឹកអ្នកដំណេីររបស់សាលារាជធានីភ្នំពេញ​ទាំងអស់នឹងទទួលបានខិត្តបណ្ណផ្តល់ចំណេះដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ជាការពញ្ញាក់អារម្មណ៍ដាស់តឿន​ និងបង្កេីនការចូលរួមឱ្យបានសកម្មក្នុងកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

គណៈកម្មាធិកាត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ​ បានឱ្យដឹងថា​ ក្រុមការងាររបស់យេីងដែលបម្រេីការងារដឹកជញ្ជូនបងប្អូនពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណេីតជួបជុំគ្រួសារនាឱកាសបុណ្យបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ​ បានឆ្លៀតចូលរួមចែកនូវខិត្តបណ្ណប្រឆាំងគ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋយេីងដេីម្បីទទួលបានចំណេះដឹងពីផលលំបាក និងបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងគ្រឿងញៀន។

ថ្លែងក្នុងនាម​ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ​ អគ្គលេខាធិការ​, ឧត្តមសេនីយ៍ឯក លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានបន្ថែមថា​ អគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ សហការជាមួយគណកម្មាធីកាត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ​ ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋយេីងនៅពេលនេះ គឺដេីម្បីជាទុនបន្ថែមដល់បងប្អូនយេីងទាំងអស់ការពារខ្លួន​ឯង​ និងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ​ និងមនុស្សជាទីស្រឡាញ់កុំឱ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនគ្រប់ប្រភេទនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

ក្នុងនាម នាយ​ឧត្ដមសេនីយ៍​ មាស​ វិរិទ្ធ​ ឧត្តមសេនីយ៍ឯក លឹម​ តុងហួត​ បានថ្លែងអំណរគុណដល់លោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់គាំទ្រសកម្មភាពផ្សព្វផ្សាយនេះ, លោក សុខ វឿន ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិល ស៊ី ដែលតែងតែសហការផលិតផ្តល់ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន ហើយអគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងបន្តគាំទ្រផ្តល់ជូនដល់លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត​ សម្រាប់ផ្សព្វផ្សាយក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងកម្មវិធីជួបជុំផ្សេងៗក្នុងមូលដ្ឋានរាជធានី-ខេត្ត៕