(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ និងសហការីព្រមទាំងសប្បុរសជនលោកតាលោកយាយចំណុះជើងវត្ត បានអញ្ជើញចូលរួមកាត់ខ្សែបូរបញ្ចុះខណ្ឌសីមាសម្ពោធដាក់ឱ្យប្រើប្រាស់ព្រះវិហារថ្មី នៅវត្តក្រសាំងមានជ័យ ក្នុងភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

ថ្លែងទៅកាន់ញាតិញោមពុទ្ធបរិស័ទ្ធចំណុះជើងវត្តជិតឆ្ងាយនិងបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សាយ គឹមឡម បានលើកឡើងថា៖ «ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព និងកម្លាំងមហាសាមគ្គីរបស់ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយដែលបានលះបង់កម្លាំងកាយចិត្ត ទ្រព្យធន សហការគ្នាកសាង ទើបធ្វើឱ្យសមិទ្ធផលថ្មីជាព្រះវិហារដ៏ធំស្កឹមស្កៃដើម្បីពុទ្ធបរិស័ទប្រជាពលរដ្ឋក្នុងមូលដ្ឋានគោរពប្រណិបត្តិ និងទុកសម្រាប់គោរពបូជាក្នុងពុទ្ធសាសនាតរៀងទៅ»

លោកបានបន្ថែមថា ដោយសារសុខសន្តិភាពទើបធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិមានការរីកចម្រើន យើងអាចមានឱកាសធ្វើបុណ្យទាន និងកម្សាន្តសប្បាយផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លើសពីនេះលោកអភិបាលស្រុក សាយ គឹមឡម បានណែនាំដល់រដ្ឋបាលឃុំពពក និងបណ្ដាឃុំនានា ក្នុងស្រុកស្ទោង ត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងរងហានិភ័យឱ្យបានត្រឹមត្រូវ និងឆាប់រហ័សបំផុត។

លោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបទូទាំងស្រុកស្ទោង សូមអញ្ជើញត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិដែលតែងតែនាំមកនូវសុខសន្តិភាព នាំឱ្យប្រទេសជាតិរីកចម្រើន និងស្ថិតនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈនៅក្នុងខែកក្កដាឆ្នាំ ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ផងដែរថា ព្រះវិហារថ្មីនេះ មានបណ្តោយ១៧ម៉ែត្រ ទទឹង១៣ ម៉ែត្រ និងកម្ពស់ ១៦ម៉ែត្រ ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន ៣៧៣,៩០០ដុល្លារ៕