(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះសាលាខេត្ត មន្ត្រីរាជការតាមមន្ទីរ អង្គភាព នានាជុំវិញខេត្ត ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយចែកជូនកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧។

លោក ប៉ែន កុសល្យ បានថ្លែងថា ការជួបជុំគ្នានាពេលនេះ ក្នុងគោលបំណងសួរសុខទុក្ខកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានមកដល់នៅថ្ងៃស្អែកនេះ ហើយនេះជាសក្ខីភាពឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ចំពោះកងកម្លាំងនគរបាលជាតិយើង ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងនាមក្រុមប្រឹក្សាខេត្ត លោក ប៉ែន កុសល្យ សំដែងនូវអំណរសាទរចំពោះលទ្ធផលការងារដែលស្នងការដ្ឋាននគរបាលខេត្តទទួលបានក្នុងឆ្នាំកន្លងមក។ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងទាំងអស់របស់នាយ និងពលនគរបាល ក្នុងការអនុវត្តតួនាទី ភារកិច្ច ការងារ ទោះបីជួបបញ្ហាជាច្រើន ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩។

លោកថាក្នុងឱកាសឆ្នាំថ្មីនេះរដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរមានជ័យ» នៅបរិវេណសួនច្បារបឹងស្នោរចំនួន៣ថ្ងៃគឺថ្ងៃទី១៤,១៥,១៦ មានពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ការលែងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រីសម័យ តន្ត្រីស្គរប៉ុក...ជាដើម។

លោក ប៉ែន កុសល្យ ក៏បានថ្លែងដាក់ចេញនូវចំណុចសំខាន់ៗចំនួន៨ ដល់កម្លាំងនគរបាលសម្រាប់យកទៅអនុវត្តរួមមាន៖

*ពង្រឹងកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ថ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧
*ពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ។
*យកចិត្តទុកដាក់ចំពោះការងារអគ្គីភ័យ ដែលកើតមានឡើងដោយកត្តាធម្មជាតិ និងការទ្វេសប្រហែសផ្សេងៗ ត្រូវត្រៀមឡានទឹកនិងកម្លាំងអន្តរាគមន៍ និងផ្សព្វផ្សាយដល់ពលរដ្ឋ។
*យកចិត្តទុកដាក់ពង្រឹងស្មារតីប្តេជ្ញាចិត្តចូលរួមការពារអធិបតេយ្យភាព បូរណភាពទឹកដីឱ្យបានគង់វង្ស។
*បន្តចូលរួមការងារសង្គម ដូចជាសង់ផ្ទះជូនប្រជាពលរដ្ឋ ឫជម្លៀសប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយកើតឡើង។
*កសាងកម្លាំង ពង្រឹងពង្រីកអង្គភាព បង្កបង្កើនផលលើកកម្ពស់ជីវភាពកងកម្លាំង។
*លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងសមត្ថភាពជំនាញនៅក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាប។
*ពង្រឹងការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ៕