(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរ ស្ដីពី ការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ និងការងារសមរម្យ»។ នេះបើតាមសារាចរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

បើតាមសារាចរ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឲ្យបានយល់អំពីសារៈសំខាន់នៃ «ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(Technical Vocational Education and Training) ហៅថា ធីវេទ (TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ និងការងារសមរម្យ» ឲ្យស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ន ជាពិសេសប្រជាពលរដ្ឋម្នាក់ ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត។

សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕