(កែប)៖ អ្នកជំនាញដីធ្លីមានសុទិដ្ឋនិយមថា តម្លៃដីធ្លីក្នុងខេត្តកែប នឹងស្ទុះងើបឡើងថ្លៃឡើងវិញ ក្រោយមានការវិនិយោគនូវគម្រោងធំៗមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោក គឹម សង្រ្គាម អ្នកជំនាញផ្នែកដីធ្លី និងផែនការអភិវឌ្ឍន៍នៅខេត្តកំពត-កែប បានឲ្យដឹង ថា បន្ទាប់ពីរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋនៅក្នុងខេត្តនេះ នឹងជួយជំរុញកំណើនទេសចរណ៍ ពិសេសការអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងខេត្តកែប កាន់តែមានសក្តានុពលថែមទៀត។

លោកបន្តថា «តម្លៃដីធ្លី ដែលបានស្ថិតនៅទ្រឹងមួយរយៈកន្លងមក ក្នុងខេត្តកំពត និងក្រុងកែប នឹងកំរើកឡើងវិញឆាប់ៗនេះ ហើយអ្នកដែលមានធនធាន គួរមកវិនិយោគនៅក្នុងខេត្តកែប ដើម្បីរកផលចំណេញនាពេលខាងមុខ»

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងប្រាប់ព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ ដែលអភិវឌ្ឍន៍ទីក្រុងរណបនេះ ទទួលបាន ស.ជ.ណ ពីរាជរដ្ឋាភិបាលហើយ ដើម្បីកសាងទីក្រុងរណបនៅក្នុងខេត្ត នាពេលខាងមុខ។

គំរោងទីក្រុងរណបនេះ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅរួម ផ្សារទំនើប ភោជនីយដ្ឋាន និងតំបន់សេវាកម្មនានា និងបង្កើតជាតំបន់ទេសចរណ៍ពិសិដ្ឋ រីស្សត ទីលានវាយកូនហ្គោល បឹងកាឡូ ព្រមទាំង មណ្ឌលសេវាកម្មទេស ចរណ៍ពាក់ព័ន្ធផ្សេងទៀត ដោយវិនិយោគនៅទីតាំងចំនួន២កន្លែងក្នុងខេត្តកែប លើផ្ទៃដីទំហំ១៤៦៧ហិកតា៕