(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា មានគណបក្សនយោបាយចំនួន៧ ក្នុងចំណោមគណបក្សចំនួន៨ ត្រូវបានទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ការទទួលស្គាល់គណបក្សនយោបាយទាំង៧នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសាររបស់គណបក្សនយោបាយ ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន ៧ (ប្រាំពីរ) គណបក្ស មានដូចខាងក្រោម៖

*ទី១៖ ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានចំនួន២៥ មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

*ទី២៖ ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សយុវជនកម្ពុជា ដែលមានចំនួន២៥ មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

*ទី៣៖ ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សខ្មែររួបរួមជាតិ ដែលមានចំនួន២៥ មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

*ទី៤៖ ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សធម្មាធិបតេយ្យ ដែលមានចំនួន២៥ មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

*ទី៥៖ ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សកម្លាំងប្រជាធិបតេយ្យ ដែលមានចំនួន១២ មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

*ទី៦៖ ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សសញ្ជាតិកម្ពុជា ដែលមានចំនួន២៥ មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

*ទី៧៖ ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សខ្មែរតែមួយ ដែលមានចំនួន២៥ មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

គ.ជ.ប បានឱ្យដឹងថា ដោយឡែក គណបក្សខ្មែរអភិរក្ស នៅខ្វះលក្ខខណ្ឌដែលបានកំណត់ តាមនីតិវិធីតម្រូវឱ្យ គណបក្សបំពេញបន្ថែមតាមកំណត់នៃច្បាប់។ តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ ចាប់ផ្តើមពី ថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕