(ឧត្តរមានជ័យ)៖ ប្រជាជននៅក្នុងស្រុកអន្លង់វែងមានឱកាសជួបជុំគ្នា ដើម្បីទស្សនាការផ្សាយបន្ដផ្ទាល់នៃព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅក្នុងសារមន្ទីរអតីតផ្ទះតាម៉ុក ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡានេះ។ នេះបើតាមលោក លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។

អតីតសមាជិកខ្មែរក្រហមជាច្រើននាក់បានចាត់ទុកថា នេះជាពេលវេលាដ៏សប្បាយរីករាយបំផុតរបស់ខ្លួន។ ការជួបជុំទស្សនាការផ្សាយបន្ដផ្ទាល់នេះ បានញ៉ាំងជំរុញឲ្យមានបរិយាកាសមួយដែលជារឿយៗមានភ្ញៀវទេសចរមកពីតាមបណ្ដាខេត្ដផ្សេងៗមកចូលរួមអង្គុយជាមួយគ្នាដែរ។ នៅពេលដែលការប្រកួតកីឡានេះបានចាប់ផ្ដើមនៅលើអេក្រង់ អ្នកទស្សនាទាំងអស់បានមានឱកាសក្នុងការសន្ទនាគ្នា និងបង្កើតអារម្មណ៍សប្បាយរីករាយ។

ដោយស្ថិតនៅក្នុងរយៈចម្ងាយប្រមាណ៤៥០គីឡូម៉ែត្រ ពីពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលព្រឹត្ដិការណ៍នេះកំពុងរៀបចំឡើង រដ្ឋបាលស្រុកអន្លង់វែងដែលជាស្រុកស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ សហការជាមួយមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានដាក់តម្លើងអេក្រង់ផ្សាយបន្ដផ្ទាល់ចំនួន២ ដែលអាចទទួលរូបភាពពីឧបករណ៍ទូរទស្សន៍ប្រព័ន្ធឌីជីថល។

ការផ្សាយបន្ដផ្ទាល់ព្រឹត្ដិការណ៍ប្រកួតកីឡាបែបនេះ ប្រាកដជាមិនអាចធ្វើទៅបានទេនៅមុនឆ្នាំ១៩៩៨ ដោយសារតែអន្លង់វែង គឺជាតំបន់សង្គ្រាមរវាងកងទ័ពរបស់រាជរដ្ឋាភិបាលកម្ពុជា និងខ្មែរក្រហម។ បន្ទាប់ពីការធ្វើសមាហរណកម្មនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី សង្គ្រាមបានចប់ជាស្ថាពរ ឥឡូវនេះយើងបាននិយាយពាក្យសន្ដិភាពទាំងអស់គ្នា ដែលយើងត្រូវតែលើកស្ទួយ និងថែរក្សា ដើម្បីធានាឲ្យបាននូវវិបុលភាព និងការរីកចម្រើនដ៏យូរអង្វែងនៅគ្រប់សហគមន៍ទាំងអស់ក្នុងប្រទេសកម្ពុជា។

លោក ហួន ផាត វ័យ៥២ឆ្នាំ និងលោក ឡុង លឿ វ័យ៤៤ឆ្នាំ បានចូលរួមទស្សនាព្រឹត្ដិការណ៍នេះនៅឯសារមន្ទីរផ្ទះតាម៉ុក បានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយដូចគ្នាជាមួយនឹងការផ្សាយបន្ដផ្ទាល់នេះដែរ។

លោក ផាត ដែលជាអតីតទាហានខ្មែរក្រហមបាននិយាយថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ក្នុងការមកមើលការផ្សាយបន្ដផ្ទាល់ព្រឹត្ដិការណ៍កីឡា ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ប្រសិនបើយើងប្រៀបធៀបទៅនឹងមុនឆ្នាំ១៩៩៨វិញ សង្គ្រាមកំពុងបន្ដនៅឡើយ»

លោក លឿ ដែលអង្គុយក្បែរនោះបានបន្ថែមថា «បើនិយាយពីកាលណោះវិញ យើងប្រហែលជាគ្មានឱកាសមកអង្គុយមើល និងសប្បាយរីករាយជាមួយព្រឹត្ដិការណ៍កីឡាដូចសព្វថ្ងៃនេះទេ»

មជ្ឈមណ្ឌលឯកសារកម្ពុជាប្រើប្រាស់គ្រប់មធ្យោបាយ មិនមែនត្រឹមតែកម្មវិធីសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហមផ្លូវការនោះទេ ដើម្បីនាំយកនូវរាល់បំណែកនៃសង្គមកម្ពុជាដែលបែកបាក់មករួបរួមគ្នាវិញ ដូច្នេះសន្តិភាពអាចត្រូវបានការពារ និងយុត្តិធម៌អាចកើតមានឡើង។

មជ្ឈមណ្ឌលឯកសារកម្ពុជាជឿជាក់ថា កីឡាអាចជាទម្រង់មួយសម្រាប់ការផ្សះផ្សាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ យើងចូលរួមការប្រកួតដើម្បីការជោគជ័យ មិនមែនការកាប់សម្លាប់គ្នានោះទេ៕