(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ នឹងមានរៀបចំពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោកជូននាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ធីតា) នៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងកម្មវិធីខាងលើនេះ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី សុំម្ចាស់ទឹក ម្ចាស់ដី តាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយសខាងលើនេះ។

ក្នុងពិធីក្រុងពាលីនេះ បានធ្វើឡើង ដោយមានការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលរាជធានីនិងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីជាច្រើនរូបទៀត។

ពាក់ព័ន្ធនិងកម្មវិធីស្អែកថ្ងៃទី២ ខែឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះផងដែរ ពោលគឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ ចាប់ពីវេលាម៉ោង ០៥:០០នាទីតទៅ រហូតដល់កម្មវិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាស និកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេចតេជោ ហ៊ុន សែន និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក ជូននាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានបញ្ចប់៕