(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានឆ្លើយតបទៅកាន់ អ្នកសារព័ត៌មានភាសាចិន នៅក្នុងប្រទេសម៉ាឡេស៊ីថា សូមកុំបារម្ភបារម្ភរឿងស្ទះចរាចរណ៍ សម្រាប់គណៈប្រតិភូកីឡា និងបញ្ហាស្នាក់នៅរបស់កីឡាករ នៅពេលចេញទៅប្រកួត។

ការឆ្លើយតបបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានភាសាចិន នៃប្រទេសម៉ាឡេស៊ី បានចុះផ្សាយចំពោះការកង្វល់ អំពីការដាក់ប្រតិភូកីឡា និងកីឡាករ នៅតាមសណ្ឋាគារ អាចនឹងមានការស្ទះចរាចរណ៍ នៅពេលដឹកនាំកីឡាករ ទៅចូលរួមប្រកួត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសជូន ទៅអ្នកសារព័ត៌មានជាភាសាចិន នៃប្រទេសម៉ាឡេស៊ីថា កម្ពុជាបានត្រៀមរួចរាល់ ការដឹកជញ្ជូន គឺមិនចាំបាច់ខ្វល់អំពី បញ្ហាស្ទះចរាចរណ៍នោះទេ ប្រទេសខ្មែររបស់យើងខ្ញុំ គឺមានច្បាស់លាស់ណាស់ លើបញ្ហានេះ គឺមិនមែនត្រឹមតែម៉ូតូនាំមុខទេ ចង់យករថក្រោះក៏បានដែរ»

ការលើកឡើងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។ ពិធីនេះ បានរៀបចំធ្វើឡើង នៅវិមានសន្ដិភាព នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់អ្នកសារព័ត៌មាន ជាភាសាចិន នៃប្រទេសម៉ាឡេស៊ី ត្រូវស្គាល់ខ្មែរ ឲ្យបានកាន់តែច្បាស់បន្ដិច ព្រោះថា រឿងនេះ អត់មានអីចំណោមនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រជាជននៅទីក្រុងភ្នំពេញ គឺមានភាពថ្លៃថ្នូរណាស់ កាលពីជំនាន់ប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធ គ្មានគណៈប្រតិភូណាមួយ ត្រូវបានស្ទះចរាចរណ៍ ដោយសារតែការកក់ស្ទះចរាចរណ៍នោះទេ ដូច្នេះអ្នកសារព័ត៌មានភាសារចិន របស់ម៉ាឡេស៊ី គប្បីធ្វើការកែតម្រូវ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «សូមកុំបារម្ភ សម្រាប់ការមកដល់ប្រទេសកម្ពុជា ខ្ញុំធានាអះអាង ខ្ញុំយកក្បាលខ្ញុំទទួលខុសត្រូវ ទៅលើបញ្ហាសុវត្ថិភាពទាំងឡាយ និងពេលវេលានៃការប្រកួត»

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕