(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រៀបធៀបព្រឹត្តិការណ៍ដង្ហែព្រះអគ្គីជ័យកីឡា ដូចទៅនឹងពិធីបុណ្យរបស់ជាតិនោះដែរ ខណៈកម្ពុជារង់ចាំពេលរហូតដល់៦៤ឆ្នាំ ទើបមានឱកាសធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៉ីអាគ្នេយ៍ (ស៉ីហ្គេម) និងអាស៊ានប៉ារ៉ាហ្គេម។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនីកម្ពុជា នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ មុនចូលរួមប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវព្រះអគ្គីជ័យកីឡាបានវិលចូលប្រទេសយើង ឆ្លងកាត់ខេត្តណា ហាក់ដូចជាបុណ្យរបស់ខេត្តនោះ។ ម្សិលមិញមានភ្លៀងនៅខេត្តពោធិ៍សាត់ ប៉ុន្ដែអ្នកទទួលតាមដងផ្លូវគ្រប់ទីកន្លែង ពិសេសរាជធានីភ្នំពេញ រៀបចំនៅវិមានឈ្នះឈ្នះយ៉ាងខ្លាំង ហើយមានការសម្ដែងសិល្បៈអបអរសាទរ ហាក់ដូចជាទិវាបុណ្យរបស់ព្រះរាជាណាចក្រកម្ពុជាមួយអញ្ចឹង»

ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានថ្វាយអំណរព្រះគុណដល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលបានយាងប្រទានព្រះអគ្គិជ័យកីឡា នៅខេត្តសៀមរាបនាពេលកន្លងទៅ ហើយព្រះអង្គបានយកព្រះទ័យទុកដាក់ជាមួយកិច្ចការទាំងឡាយ ពាក់ព័ន្ធដំណើរនៃការប្រព្រឹត្តទៅនៃការប្រកួតកីឡាស៉ីហ្គេម លើកទី៣២។

សូមជម្រាបថា ព្រះអគ្គីជ័យកីឡា (ភ្លើងគប់) ត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ដែលជាទីតាំងប្រកួតកីឡា SEA Games និង ASEAN Para Games ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង១ខែមកនេះ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា។

ក្រោយដង្ហែមកដល់ប្រទេសកម្ពុជាវិញ ព្រះអគ្គីជ័យកីឡានេះ ត្រូវបានរៀបចំដង្ហែបន្ដនៅក្នុងប្រទេសកម្ពុជា តាមបណ្ដារាជធានី-ខេត្ត ដែលនៅជុំវិញបឹងទន្លេសាប។ គិតត្រឹមល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះអគ្គីជ័យកីឡា កំពុងស្ថិតនៅខេត្តបាត់ដំបង។

ជាការកក់សម្គាល់ តាមបណ្ដារាជធានី-ខេត្ត ដែលត្រូវបានដង្ហែព្រះអគ្គីជ័យកីឡាឆ្លងកាត់ ថ្នាក់ដឹកនាំទាំងអស់នៅតែងតែរៀបចំពិធីទទួលយ៉ាងអធិកអធម ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយស្នាមញញឹមក្រោមម្លប់នៃសុខសន្ដិភាព៕