(ភ្នំពេញ)៖ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួប លោក ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់ ក្នុងឱកាស លោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា កម្ពុជា-នេប៉ាល់ បានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦៤ ក្រោមស្នាព្រះហស្តព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំនេប៉ាល់ជំនាន់មុន។ ប៉ុន្តែ ដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា ទំនាក់ទំនងការទូតនេះត្រូវបានកាត់ផ្តាច់មួយរយៈ ហើយបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៩។

ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ មានការរីកចម្រើនជាបន្តបន្ទាប់។ ទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់នាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដែលបានរួមចំណែកដ៏សំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕