(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានបង្ហាញក្តីរំពឹងថា ប្រទេសដ៏ទៃទៀត ដែលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំក្រោយៗទៀត នឹងអនុគ្រោះមិនយកលុយពីប្រតិភូកីឡារបស់កម្ពុជា ដែលបានទៅចូលរួមប្រកួត។

ទោះជាយ៉ាងនេះក្តី សម្តេចបញ្ជាក់ បើទោះបីជាប្រទេសទាំងនោះ មិនអនុគ្រោះក៏ដោយ ក៏សម្តេចមិនដាក់លក្ខខណ្ឌទាមទារនោះឡើយ ព្រោះអ្វីដែលកម្ពុជាផ្តល់ដល់ប្រតិភូកីឡាទាំងអស់ដែលមកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជានេះ គឺជាទឹកចិត្តរបស់កម្ពុជា ដែល​មាន គឺ «ប្រទេសតូច តែបេះដូងធំ»

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលបានរៀបចំធ្វើឡើង នៅវិមានសន្ដិភាព នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។​

សម្តេចបានគូសបញ្ជាក់បន្ថែមថា៖ «ខ្ញុំជឿថាផ្នែកកីឡា នឹងអាចមានការប្រែប្រួលទៅលើការគិតគូរឡើងវិញអំពីភាពជាម្ចាស់ផ្ទះ យ៉ាងហោចណាស់ ក្នុងបណ្តាប្រទេសអាស៊ាន មានប្រទេសអាស៊ានខ្លះអាចនឹងឆ្លើយតបតាមបែបបរិការណ៍ជាមួយកម្ពុជា។ កាលពីបញ្ជូនកីឡាករមកកម្ពុជា កម្ពុជាអត់យកលុយ ពេលកម្ពុជាបញ្ជូនទៅវិញអត់យកលុយវិញដែរ។ តែខ្ញុំមិនដាក់លក្ខខណ្ឌហ្នឹងទេ ទោះបីជាអ្នកឯងឱ្យឬមិនឱ្យ គឺជារឿងរបស់អ្នក ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ប្រទេសតូចក្រតែថ្លើមធំ»

សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានចំណាយថវិកាប្រមាណ​៧លានដុល្លារ សម្រាប់ការរៀបចំ​អាហារ​ទទួលប្រតិភូកីឡាទាំងអស់ ដែលនេះគឺជាទឹកចិត្តរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។

សម្តេចលើកឡើងថា ប្រសិនបើកម្ពុជា ជាប្រទេសអ្នកមាននោះ កម្ពុជានឹងកាន់តែផ្តល់ជំនួយ និងចែករំលែកទៅ​កាន់ប្រទេសដ៏ទៃឱ្យកាន់តែច្រើន ​ខណៈដែលកន្លងមក ពេលអំឡុងពេលកើតមានជំងឺកូវីដ១៩ កម្ពុជា​ បាននាំយកជំនួយប្រគល់ឱ្យប្រទេសចំនួនផងដែរ ដូចជា នេប៉ាល់ ទីម័រ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសគុយបា បើទោះបីជា កម្ពុជា ជាប្រទេសក្រក៏ដោយ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី​ មុននឹង​ចូលរួមប្រកួតកីឡាស៊ីហ្គេមនេះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដល់គណៈប្រតិភូកីឡាស៊ីហ្គេម ចំនួន១១៣៦នាក់ ក្នុងម្នាក់ៗថវិកា៥០០ដុល្លារ​​៕