(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា ការដែលកម្ពុជារៀបចំព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ មិនមែនដើម្បីលុយនោះទេ ប៉ុន្តែដើម្បីឲ្យបរទេសស្គាល់កម្ពុជាកាន់តែច្រើន ព្រោះពីមុនបើនិយាយដល់កម្ពុជា គេមិនសូវស្គាល់ទេ តែបើនិយាយដល់របបប្រល័យពូជសាសន៍ ប៉ុល ពត បានគេស្គាល់។

ព្រឹត្តិការណ៍ប្រកួតស៉ីហ្គេម រាជរដ្ឋាភិបាលបានសម្រេចមិនគិតប្រាក់លើការលក់សំបុត្រចូលទស្សនា និងការស្នាក់នៅ ហូបចុករបស់កីឡាករ ប្រតិភូកីឡាទាំងអស់ រួមនឹងការផ្តល់សិទ្ធិផ្សព្វផ្សាយក៏មិនគិតថ្លៃដែរ។

សម្តេចតេជោចាត់ទុកការមិនគិតប្រាក់ សម្រាប់ព្រឹត្តិការណ៍ស៉ីហ្គេមនេះ ជាការវិនិយោគរយៈពេលវែង ដែលបង្កើតមិត្តភាពរវាងប្រទេសកម្ពុជា ជាមួយប្រទេសទាំងអស់ដែលមកចូលរួមការប្រកួត និងមកលេងក្នុងប្រទេសកម្ពុជា។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករ-កីឡាការិនី នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជាលើកដំបូងក្នុងប្រវត្តិនៃការប្រកួតដែលកម្ពុជា ទី១៖ មិនលក់សំបុត្រសម្រាប់ប្រជាពលរដ្ឋខ្លួន និងសម្រាប់អ្នកគាំទ្រពីបណ្តាប្រទេសដទៃ ឲ្យប្រជាជនទទួលបានការសប្បាយរីករាយ អ្នកមានលទ្ធភាពក៏ចូលបាន អ្នកគ្មានលទ្ធភាពក៏ចូលបាន ក្នុងករណីដែលគេទៅរកទាន់ពេល។ ឯទី២៖ ការស្នាក់នៅ និងហូបចុកយើងទទួលការចំណាយ ដែលយើងត្រូវចំណាយបន្ថែមប៉ុន្មាន៧លានដុល្លារ សម្រាប់ការស្នាក់អាស្រ័យរបស់កីឡាករ កីឡាការិនី ពីបណ្តាប្រទេសនានា នេះជារឿងខ្ញុំគិតថាវាបង្កើតនូវសាមគ្គីភាព គោលដៅរបស់កម្ពុជាមិនមែនចង់បានលុយទេ គោលដៅរបស់កម្ពុជាទៅវែងឆ្ងាយជាងនេះ វិនិយោគត្រឹមប៉ុណ្ណេះ ប៉ុន្តែផលចំណេញនឹងមានរយៈពេលវែង»

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំចង់បើកឱកាសសម្រាប់ប្រទេសនានា ចូលមកស្គាល់កម្ពុជា ពិតប្រាកដយ៉ាងម៉េច? ចំណុចនេះជាការវិនិយោគរយៈពេលវែង ហើយជាការបង្កើតមិត្តភាពរវាងប្រទេសកម្ពុជា ជាមួយប្រទេសទាំងអស់ ដែលមកចូលរួមការប្រកួត និងមកលេងក្នុងប្រទេសកម្ពុជា របស់យើង។ ការផ្សព្វផ្សាយចេញ គេទិញសិទ្ធិផ្សព្វផ្សាយតែកម្ពុជា អត់លក់ទេ ឲ្យសិទ្ធិយកទៅផ្សាយទៅ សំខាន់បំផុតឲ្យគេស្គាល់កម្ពុជា ដើម្បីបង្កើតនូវស្ថានភាពអនុគ្រោះមួយដែលកម្ពុជាគេភ្លេច បើនិយាយពី ប៉ុល ពត គេស្គាល់ ប៉ុន្តែបើនិយាយពីកម្ពុជា គេអត់ស្គាល់។ ៧៣ប្រទេស គេស្គាល់កម្ពុជាតាមរយៈអង្ករ ប្រទេសមួយចំនួនបានស្គាល់កម្ពុជា តាមរយៈផលិតផល ឥឡូវប្រទេសមួយចំនួនទៀត បានស្គាល់កម្ពុជាតាមរយៈស៉ីហ្គេម»

បើតាមការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២​ (CAMSOC) នាពេលថ្មីៗនេះបានឲ្យដឹងថា កម្ពុជាគ្រោងចំណាយ ១១៨លានដុល្លារ សម្រាប់ការរៀបចំស៉ីហ្គេម។ ការចំណាយនេះ មិនទាន់គិតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីត្រូវចំណាយលើសនេះទៀត ក៏ត្រូវចំណាយដែរ​ ដើម្បីឲ្យរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមបានល្អ ធ្វើយ៉ាងណាឲ្យបរទេសស្គាល់កម្ពុជាកាន់តែច្បាស់៕