(ភ្នំពេញ)៖ លោក អៀ ចាន់ណា តំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) ដែលកំពុងឃុំឃាំងនៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទរួម «គំនិតក្បត់» នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញលិខិត និងវីដេអូសុំការអភ័យទោស ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះកំហុសឆ្គងរបស់ខ្លួនកន្លងមក។

តាមរយៈលិខិតរបស់ខ្លួន លោក អៀ ចាន់ណា បានលើកឡើងថា «ខ្ញុំបាទសូមខន្តីអភ័យទោស ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះកំហុសឆ្គងរបស់ខ្ញុំបាទ នាពេលកន្លងមកដោយបានចែករំលែក តាមបណ្តាញសង្គមហ្វេសប៊ុក ពីព័ត៌មាននៃដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆាំង កាលពីឆ្នាំ២០២០។ ខ្ញុំបាទសូមសន្យាថានឹងមិនប្រព្រឹត្តិនូវអំពើណា ដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិនោះទេ»

បន្ទាប់ពីទទួលបានលិខិត និងវីដេអូសុំការអភ័យទោសនេះ សម្តេចតេជោ ហ៊ុន សែន បានទទួលយកការសុំទោស និងបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ ដើម្បីសុំធានាលោក អៀ ចាន់ណា បាននៅក្រៅឃុំជាបណ្តោះអាសន្ន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា «លោក អៀ ចាន់ណា បានធ្វើការសូមទោស ចំពោះកំហុសឆ្គងដូចមានក្នុងវីដេអូ និងលិខិតរបស់គាត់។ ខ្ញុំសូមស្នើ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ ដើម្បីសុំធានាលោក អៀ ចាន់ណា
ឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន»

សូមជម្រាបថា លោក អៀ ចាន់ណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្បែរផ្សារអ៉ីអន រាជធានីភ្នំពេញ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។

បន្ទាប់ពីមានការឃាត់ខ្លួននេះ លោក អៀ ចាន់ណា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទរួម «គំនិតក្បត់» ប្រព្រឹត្តទៅកាលពីឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់៕