(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត ឱ្យ កីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ប្រឹងប្រែងដណ្តើមយកមេដាយមាស ប៉ុន្តែមេដាយទាំងនោះ ត្រូវតែបានមកដោយសុច្ចរិត។

ការលើកទឹកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍រៀបចំប្រកួតកីឡានាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បន្ទាប់ពីកម្ពុជាបានរៀបចំកាលពីឆ្នាំ១៩៦៦ ហើយប្រទានអគ្គិជ័យកីឡាដោយ ព្រះមហាក្សត្រ។

សម្តេចបានបន្តថា៖ «យើងធ្វើកិច្ចការរបស់យើង បានល្អប្រសើរ ហើយសូមអ្នកទាំងអស់គ្នា ប្រឹងយកឈ្នះមេដាយមាសឱ្យបានក្រែលបន្តិច ប៉ុន្តែរាល់មេរាល់មេដាយមាសទាំងអស់ ត្រូវតែជាមេដាយមាសសុច្ចរិត»

សម្តេចបានបន្ថែមថា ទោះបីជាប្រកួតដោយមិនសុច្ចរិត ក៏គណៈកម្មការរៀបចំការប្រកួតមិនឱ្យនោះដែរ ដោយសារតែពេលនេះ ការប្រកួតកាន់តែសុក្រឹត្យ ដោយសារតែមានការពិនិត្យតាមវីដេអូកាមេរ៉ាផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឧបត្ថម្ភដល់ គណៈប្រតិភូកីឡាស៊ីហ្គេមម្នាក់ៗ ៥០០ដុល្លារផងដែរ ដើម្បីជាការលើកទឹកចិត្ត៕