(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់ទៅលើម្ហូបហាឡាល់ សម្រាប់កីឡាករ កីឡាការិនី មកពីប្រទេសកាន់សាសនាមូស្លីម។

ការណែនាំបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំស្នើឱ្យយកចិត្តទុកដាក់ គឺបញ្ហាពាក់ព័ន្ធនឹងម្ហូបហាឡាល់ ពីព្រោះម្ហូបវាអត់ដូចគ្នាទេ សម្រាប់យើងអត់បញ្ហាទេ សម្រាប់ប្រទេសកាន់ព្រះពុទ្ធសាសនា សម្រាប់ប្រទេសកាន់គ្រឹះសាសនាមកពីហ្វីលីពីន គឺអត់បញ្ហាទេ ប៉ុន្តែ បញ្ហាឥស្លាម គឺទាក់ទងនឹងម្ហូបហាឡាល់ អ៊ឹចឹងត្រូវគិតគូរអំពីបញ្ហានេះឱ្យបានម៉តចត់»

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សម្រាប់អ្នកកាន់សាសនាឥស្លាមខ្លះក៏មានតំណមខ្លះជុំវិញការបរិភោគម្ហូបហាឡាល់ ទាល់តែមូស្លីមជាអ្នកសំឡេះខ្លួនឯង (ធ្វើដោយខ្លួនឯង) ទើបអាចគេទទួលទាន។ ដូច្នេះ ប្រសិនបើមានតម្រូវការបែបនេះ គឺត្រូវរៀបចំឱ្យត្រូវនឹងស្តង់ដារម្ហូបអាហារ។

ជាមួយនឹងការយកចិត្តទុកដាក់លើម្ហូបអាហារសម្រាប់កីឡាករ កីឡាការិនី ដែលអ្នកកាន់សាសនាឥស្លាម, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៉ីហ្គេមលើកទី៣២ គឺត្រូវតែធ្វើឱ្យច្បាស់ បើទោះបីជាត្រូវចំណាយអស់ច្រើនជាងហ្នឹងប៉ុន្មានដង ក៏ត្រូវតែចំណាយ ដើម្បីធានាឱ្យកីឡាករ កីឡាការិនីមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រកួត។

«យកទៅដាក់កន្លែងហ្នឹងកុំឱ្យកីឡាករ កីឡាការិនី កាន់សាសនាឥស្លាម និយាយថាមិនមានម្ហូបហាឡាល់សម្រាប់ខ្លួនបរិភោគ អត់មានកម្លាំងប្រកួត អ៊ឹចឹងទទួលបានមេដាយបានតិច ដែលមកពីម្ហូបអាហារ អ៊ឹចឹងទេ យើងធ្វើឱ្យបានម៉តចត់បន្តិច»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លើយតបទៅព័ត៌មាននៅម៉ាឡេស៊ីថា កុំបារម្ភរឿងស្ទះចរាចរណ៍សម្រាប់ប្រតិភូកីឡាឱ្យសោះ ព្រោះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតកីឡាស៉ីហ្គេមលើកទី៣២នេះ៕