(ភ្នំពេញ)៖ ថ្មីៗនេះបុគ្គលដែលធ្លាប់តែមាននិន្នាការជំទាស់ ឬធ្លាប់តែប្រឆាំងយ៉ាងប្តូរផ្តាច់ លើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានបង្វែរទិសមកចូលរួមជាបន្តបន្ទាប់ ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ អ្នកនយោបាយទាំងនោះ ក៏ទទួលបានឱកាសពីប្រមុខរាជរដ្ឋាភិបាល ឱ្យចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា នៅតាមស្ថាប័ននានា ទៅតាមចំណេះដឹង សមត្ថភាព និងជំនាញរបស់ខ្លួន។

ការសម្រេចចិត្តមកចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានឆ្លុះបញ្ចាំងឱ្យឃើញពីសច្ច:ភាពនៃការដឹកនាំដ៏ត្រឹមត្រូវ និងប្រាកដប្រជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំការតស៊ូរំដោះប្រជាជន និងកសាងជាតិពីបាតដៃទទេ រហូតដល់ប្រទេស ទទួលបាននូវការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ និងភាពសម្បូរសប្បាយ សុខដុមរមនា ជូនប្រជាជន ព្រមទាំងទទួលបាននូវកិត្តិយស កិត្យានុភាពជាតិ ដ៏ល្អប្រពៃ លើឆាកអន្តរជាតិ ។ ជាសច្ច:ធម៌មិនអាចប្រកែកបាន គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោសែនជាប្រមុខ ប្រៀបដូចជាទីទឹកដ៏ត្រជាក់ត្រជុំ ដែលមច្ឆាជាតិទាំងពួង ប្រមូលគ្នាមករស់នៅយ៉ាងសម្បូរកុះករ។

ចលនានៃការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញច្បាស់ផងដែរ នូវការអនុវត្តនៃលទ្ធិប្រជាធិបតេយ្យ ដែលជនកម្ពុជាទាំងឡាយ មានសិទ្ធិសេរីភាពពេញទី ក្នុងការសម្រេចចិត្តចូលរួមសកម្មភាពនយោបាយ ជាមួយគណបក្សណា ឬថ្នាក់ដឹកនាំរូបណា ដែលមានទឹកចិត្តស្នេហាជាតិ ស្រឡាញ់ប្រជាពលរដ្ឋ បម្រើប្រយោជន៍សមូហភាព មានគតិបណ្ឌិត មានទស្សនវិស័យវែងឆ្ងាយ និងមានសមត្ថភាពឆ្នើម ដើម្បីដឹកនាំកសាងប្រទេស និងនាំមកនូវវឌ្ឍនភាព ភាពសុខក្សេមក្សាន្តជូនប្រជាជន ។ នេះគឺការគោរព និងអនុវត្ត សិទ្ធិសេរីភាពរបស់បុគ្គល តាមបែបប្រជាធិបតេយ្យ ពិតប្រាកដ !

កន្លងមក មានមជ្ឈដ្ឋានបរទេសមួយចំនួនតូច តែងតែបន្តុះបង្អាប់ វាយតម្លៃដោយអយុត្តិធម៌ និងប្រាសចាកពីការពិតថា កម្ពុជាបានបាត់បង់លទ្ធិប្រជាធិបតេយ្យ ហើយបែរជាគាំទ្រក្រុមប្រឆាំងមួយក្តាប់តូច ដែលតែងតែបំភ្លៃ និងបំផ្លើសអំពីជាតិសាសន៍ខ្លួនឯង ទៅវិញ។ ផ្ទុយទៅវិញ សច្ច:ភាពពិតគឺកម្ពុជាតែងតែគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយបើកឱ្យមានការចូលរួមប្រកួតប្រជែងខាងផ្នែកនយោបាយ ពីសំណាក់បណ្តាគណបក្សនយោបាយនានាជាច្រើន និងផ្តល់សិទ្ធិជូនបុគ្គលនានា ជ្រើសរើសចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស ឬថ្នាក់ដឹកនាំ ដែលខ្លួនពេញចិត្ត ។

ដូចនេះគួរតែមជ្ឈដ្ឋានបរទេសមួយចំនួននោះ ស្វែងយល់ និងពិចារណាដោយឈរលើមូលដ្ឋានសច្ច:ភាព និងការសម្រេចដ៏ត្រឹមត្រូវចំពោះកម្ពុជា ដូចការមើលឃើញ និងការសម្រេចរបស់អតីតអ្នកនយោបាយប្រឆាំង ដែលបានសម្រេចចិត្តមកចូលរួមកុះករជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោសែន។

ការពិតពីមាតុភូមិ, ថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣