(ភ្នំពេញ)៖ លោក អ៊ាងសុផល្លែត រដ្ឋលេខាធិការ តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ លោកសាស្រ្តាចារ្យ JIM SKEA បេក្ខជននៃចក្រភពអង់គ្លេស ឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា កម្ពុជាបានកំណត់គោលដៅច្បាស់លាស់ សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយ:ពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍បច្ចុប្បន្នភាពស្តីពីការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ។ ប្រការនេះបញ្ជាក់អំពីសក្ខីភាពមួយ ដែលកម្ពុជាបានប្តេជ្ញាចិត្តដ៏រឹងមាំ សង្គតិភាព និងមានឆន្ទៈនយោបាយខ្ពស់ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។

លោកបានលើកឡើងគំនិតផ្តួចផ្តើមលើកិច្ចសហការបណ្តុះបណ្តាលធនធានមនុស្សតាមរយ:ការផ្តល់ឱកាសចូលបម្រើការងារ និងធ្វើកម្មសិក្សានៅ IPCC ដល់មន្ត្រីរាជការវ័យក្មេង និងយុវជនកម្ពុជា ដែលជាអនាគតអ្នកដឹកនាំប្រទេសស្របតាម ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ជាមួយសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

លើសពីនេះទៀត លោកក៏បានស្នើសុំ IPCC ចែករំលែកនូវរបកគំហើញថ្មីៗពីការស្រាវជ្រាវរបស់ខ្លួនដល់កម្ពុជាផងដែរ។

ក្នុងឱកាសជួបពិភាក្សានោះ លោកសាស្រ្តាចារ្យ JIM SKEA បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការគ្រប់គ្រងបរិស្ថាន បានល្អប្រសើរ។

លោកសាស្រ្តាចារ្យ បានគាំទ្រពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាង IPCC នឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស លើគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋលេខាធិការលើការបណ្តុះណ្តាលធនធានមនុស្ស ដើម្បីពង្រឹងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតបលោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណIPCC ចំពោះចំណាប់អារម្មណ៍ សម្រាប់ការសហការជាមួយកម្ពុជា ជាពិសេស លើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល និងគ្រប់គ្នាទាំងអស់ ត្រូវចូលរួមសហការគ្នា។

ជាមួយគ្នានេះដែរ លោកក៏បានរំលេចអំពីសកម្មភាពសំខាន់នានា ដែលកម្ពុជាបាននឹងកំពុងអនុវត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅរកភាពបៃតង ភាពធន់ និងប្រកបដោយចីរភាព៕