(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និង​សញ្ញា​​បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ»។ ពិធីនេះនឹង​រៀប​ចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ។

យោងទៅតាមព័ត៌មាន បានឱ្យដឹងថា គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ដែល​សម្តេចតេជោទទួលបាននេះ ត្រូវបានផ្តល់ជូនដោយអង្គការ​ពុទ្ធសាសនិក​ពិភព​លោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា។ ការផ្តល់នូវ​គោ​រម​​ងារកិត្តិយសនេះ គឺជាការទទួលស្គាល់ដើម្បីទទួលស្គាល់​ការលះបង់​ពេញមួយ​ជីវិត​របស់សម្តេចតេជោចំពោះសន្តិភាព និងព្រះពុទ្ធសាសនា។

អង្គការ​ពុទ្ធសាសនិក​ពិភព​លោក បានស្ងើចសរសើរយ៉ាងខ្លាំង​ចំពោះកិច្ចប្រឹងប្រែង​របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុង​ការ​កសាង​សន្តិភាព និងការបង្រួបបង្រួម​ជាតិ។

អង្គការ​ពុទ្ធសាសនិក​ពិភព​លោក បានគូសរំលេចថា ជាមួយការរស់ឡើងវិញនៃកា​រ​គោរព​ប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានដឹកនាំ​ប្រទេស​​កម្ពុជា តាមការទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ានការកសាងប្រទេស​ជាតិ និងតាមរយៈនយោបាយឈ្នះ-ឈ្នះ។ បន្ថែមពីលើនោះ សម្តេចតេជោ បាន​នាំ​មកជូនប្រជាជនវិញនូវភាពសម្បូរសប្បាយ ក្នុងសុខសន្តិភាពពេញលេញ ភាពសុខ​ដុម​រម​នាសង្គម និងសាសនា ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។

ដោយឡែកសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ» ដែល​ផ្តល់​ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ ត្រូវបានផ្តល់ជូនដោយ​សាកល​វិទ្យា​ល័យណេហ្គរី ប៉ាដាង របស់ប្រទេសឥណ្ឌូនេស៊ី។ ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ» នេះ ដើម្បីជានិមិត្តរូបនៃការសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការគោរពកោតសរសើរចំពោះសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ខ្ពស់លើបការង្កើតបរិយាបន្នសង្គម សន្តិភាព និងការរួមចំណែកផ្តល់ការគាំទ្រដ៏មានតម្លៃចំពោះក្រុមមូស្លីមនៅកម្ពុជា តាមរយៈការលើកកម្ពស់ការគោរព និងការពារសិទ្ធិសេរីភាពនៃជំនឿសាសនា និងការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងការភាពអត់ឱនរវាងក្រុមសាសនាផ្សេងគ្នានៅកម្ពុជា។

សាកលវិទ្យាល័យ បានទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងក្នុង​ការអនុវត្តគោល​នយោ​បាយសម្តេចតេជោ ដែលសមស្របទៅនឹងគុណតម្លៃអប់រំរបស់សាកលវិទ្យាល័យ និង​ជា​គំរូដ៏ពិសេមួយ។ សាកលវិទ្យាល័យជឿជាក់យ៉ាងមុតមាំថា ស្មារតី ជំហាន និងកិច្ច​ខិត​ខំប្រឹង​ប្រែងរបស់សម្តេចតេជោ នឹងចូលរួមចំណែកលើកទឹកចិត្ត និងបង្កើតនូវ​ឥទ្ធិ​ពលវិជ្ជមានកាន់តែខ្លាំងក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេក្នុងសាកលវិទ្យាល័យណេហ្គរី ប៉ាដាង។

ក្រុមប្រឹក្សាផ្នែកសិក្សាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង បានគូសបញ្ជាក់ថា ការផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសជូនសម្តេចតេជោ ហ៊ុន សែន ដោយយោង​ទៅ​លើ​​ហេតុផលមួយចំនួនដូចខាងក្រោម៖

១៖ សម្តេចតេជោ ហ៊ុន សែន បានលះបង់ពេញមួយជីវិតដើម្បីរំដោះប្រជាជនកម្ពុជា​ចេញ​ពីយុគសម័យដ៏ខ្មៅងងឹតក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយសម្រេច​បាន​នូវសន្តិភាព និងការបង្រួបបង្រួមជាតិធានាបាននូវការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់នៅកម្ពុជា និងបានលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា​ ត្រឡប់ទៅកាន់​ឆាក​សាកលលោកវិញ។

សម្តេចតេជោ បានធ្វើឱ្យមាននូវការស្តារឡើងវិញនូវរបប​រាជានិយមនៅ​កម្ពុជា ប្រកប​ដោយជោគជ័យ និងការរស់រានមានជីវិតឡើងវិញនៃព្រះពុទ្ធសាសនា​រួមជាមួយកម្ម​វិធី​កសាងស្តារប្រទេសជាតិយ៉ាងមមាញឹក ដូចជាការស្តារ​ និងកសាងប្រទេស​ឡើង​វិញក្រោយសង្គ្រាម និងសមាហរណកម្មប្រទេសជាតិចូលទៅក្នុងតំបន់​ និងសកល​លោក និងបានអនុញ្ញាតឱ្យទទួលបាននូវសេរីភាពគ្រប់បែបយ៉ាង និងតម្លៃប្រជាធិប​តេយ្យ​រីកចម្រើន​រហូតមកដល់ពេលបច្ចុប្បន្ន គោលនយោបាយឈ្នះ-ឈ្នះ ដ៏ល្បី​ល្បាញ​​របស់សម្តេចតេជោ គឺពិតជាមានពន្លឺភ្លឺស្វាង និងបានផ្តល់ទុកជាមេរៀន នៃភាព​​ជាអ្នក​ដឹកនាំក្នុងការកសាងនូវសន្តិភាពឡើងវិញ។

២៖ តាមរយៈនៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចបានពង្រឹង​អភិ​បាលកិច្ចតាមរយៈនៃការធ្វើកំណែទម្រង់ប្រកបដោយជោគជ័យ និងផ្លែផ្កាជាច្រើនជា​មួយ​នោះ សម្តេចបានផ្តល់ជាកម្លាំងចលកថ្មី ដល់គោលនយោបាយលទ្ធិប្រជាធិប​តេយ្យ នីតិរដ្ឋ យុត្តិធម៌សង្គម និងសេដ្ឋកិច្ចដោយទទួលបានឱកាស​ស្មើភាពគ្នា​សម្រាប់​ប្រជាជនកម្ពុជា។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ សម្តេចតេជោបានបង្ហាញឱ្យឃើញថា សន្តិភាព​អាច​សម្រេចទៅបានគឺតាមរយៈនៃមធ្យោបាយសន្តិវិធីដូចជាការចរចាដោយបើកចំហរួមបញ្ចូល និងគោលនយោបាយឈ្នះ-ឈ្នះ និងតាមរយៈនៃភាពជាម្ចាស់នៃបញ្ហា និង​ស្វែង​រកដំណោះស្រាយជាតិដោយខ្លួនឯង។ ជាលទ្ធផលប្រទេសកម្ពុជា មិនត្រឹម​តែ​ត្រូវបានគេស្គាល់ថាជាកោះសន្តិភាពក្នុងតំបន់ទន្លេមេគង្គប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវបានគេដាក់ឈ្មោះថា «ប្រទេសតូចដែលមានបេះដូងធំទូលាយ» ទៀតផង។

៣៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសំខាន់​ក្នុងវិស័យ​មនុស្ស​ធម៌ និងសាមគ្គីភាព ដែលរួមមានដូចជា៖ ក) ការយកចិត្តទុកដាក់ជា​អាទិភាព​ចំពោះ​ជនជាតិភាគតិចនៅកម្ពុជា, ខ)ការលើកកម្ពស់ការអត់ឱនអធ្យា​ស្រ័យឱ្យ​គ្នា​នៅក្នុងជំនឿសាសនា និងគ) គោលនយោបាយស្តីពី សេរីភាព នៃជំនឿសាសនា

៤៖ ផ្អែកលើការធ្វើអភិបាលកិច្ច និងផ្អែកលើការសិក្សាផងនោះអាចយល់បានថា សម្តេច​តេជោ ហ៊ុន សែន បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដូចមានចែងក្នុងបទបញ្ជា​ប្រកាសក្រសួងស្តីពីការស្រាវជ្រាវ, បច្ចេកវិទ្យា និងឧត្តមសិក្សា លេខ៖ ៦៥ ឆ្នាំ២០១៦ ស្តីពីសញ្ញាបត្របណ្ឌិតកិត្តិយស និងបទប្បញ្ញត្តិរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង លេខ៖ ៣ ឆ្នាំ២០១៧ ទាក់ទងទៅនឹងនីតិវិធី ស្តីពីការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស (Doctor Honoris Causa) នៅសាកលវិទ្យាល័យរដ្ឋប៉ាដាង។

* អត្ថន័យនៃគោរមងារ «ពុទ្ធមាមកាភិបាល»៖

«ពុទ្ធមាមកាភិបាល» គឺជាគោរមងារ ដែលត្រូវបានផ្តល់ជូនថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងថ្នាក់ដឹកនាំពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រងថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនា រួមទាំងសកម្មភាពរបស់អង្គការពុទ្ធសាសនិកពិភពលោក។

«ព្រះរាជពុទ្ធមាមកាភិបាល» គឺជាគោរមងារសម្រាប់ថ្វាយព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹង «ពុទ្ធមាមកាភិបាល» ដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអាណាចក្រ។

មកទល់បច្ចុប្បន្ន គោរមងារនេះ ធ្លាប់បានថ្វាយ និងប្រគេនជូនសម្តេចព្រះសង្ឃរាជ ព្រះមហាថេរ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសកាន់ព្រះពុទ្ធសាសនាចំនួន៨អង្គ/រូបរួមមាន៖

១៖ សម្តេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ
២៖ ព្រះមហាថេរ មហានាយកនៃសាធារណរដ្ឋស្រីលង្កា
៣៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ
៤៖ ប្រធានាធិបតីនៃប្រទេសនេប៉ាល់
៥៖ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា
៦៖ ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្កា
៧៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ
៨៖ ប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន