(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

លោករដ្ឋមន្ត្រីបានថ្លែងកោតសរសើរដល់សាស្ត្រាចារ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញការងារពិនិត្យព្យាបាលថែទាំជំងឺ និងលើកកម្ពស់សុខុមាលភាពជូនប្រជាជន ព្រមទាំងគោរពនូវក្រមសីលធម៌វិជ្ជាជីវៈបានយ៉ាងខ្ជាប់ខ្ជួន។

ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ជូននូវគ្រឿងឥស្សរិយយស មេដាយការងារ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។

លោករដ្ឋមន្ត្រី បន្ថែមថា «ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ សូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមកនេះ។ ប៉ុន្តែក៏ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថម្ភភាពបន្តទៀត ដើម្បីវិវឌ្ឍខ្លួនទាន់សម័យបច្ចេកវិទ្យាទំនើប»

លោករដ្ឋមន្ត្រីបានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតតបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង ដោយផ្តល់អាទិភាពយ៉ាងច្រើនដល់វិស័យសុខាភិបាល។

សូមជម្រាបថា មន្ត្រីរាជការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានទទួលគ្រឿងឥស្សរិយយសមេដាយការងារមានចំនួន ១១១រូប នៃមន្ត្រីបុគ្គលិកសរុប ១៣៤៥នាក់៕