(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ឹង កុម្ភៈ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯក រ័ត្ន មុនី បាននាំថវិកាចំនួន៥០០០ដុល្លារ របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ យស់ ស៉ីមន ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣។

ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ មានសប្បុរសជន ជាបន្តបន្ទាប់ បាននាំយកថវិកាសប្បុរសធម៌ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់សមាគមជាតិមួយនេះឱ្យមាននិរន្តភាព ក្នុងការបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ។

កាកបាទក្រហមកម្ពុជា សូមទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាថវិកា, ស្បៀង និងសម្ភារនានា ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាព បំពេញបេសកកម្ម ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដែលត្រូវការចាំការជួយសង្គ្រោះ ពីកាកបាទក្រហមកម្ពុជា។

កាកបាទក្រហមកម្ពុជាដែលមាន ហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានបរិច្ចាគថវិកា ស្បៀង និងសម្ភារផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា ហើយសង្ឃឹមថា នឹងមានសប្បុរសជនជាបន្តបន្ទាប់ទៀត នឹងចូលរួមបរិច្ចាគធនធាន ប្រកបដោយឆន្ទៈមោះមុត និងជ្រះថ្លា ជួយ កាកបាទក្រហមកម្ពុជា ដោយស្ម័គ្រចិត្ត ដើម្បីឱ្យស្ថាប័នមនុស្សធម៌មួយនេះ កាន់តែទទួលបានជោគជ័យថែមមួយកំរិតទៀត ក្នុងបេសកកម្មមនុស្សធម៌ ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះបំផុត៕