(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានចូលរួមជាមួយលោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា បើកកម្មវិធីសិក្ខាសាលាស្តីពីបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា៖ ទស្សនទានពីនិយ័តករបរធនបាលកិច្ច នៅសណ្ឋាគារ Rosewood Phnom Penh។

សិក្ខាសាលានេះធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមអនុវត្តដល់សមាជិក-សមាជិការបស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដែលជាស្ថាបនិក សហគ្រិន និងធុរជនមានសក្តានុពល និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពធុរកិច្ចនៅប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យសហគ្រិន និងធុរជនទាំងអស់អាចយល់បានពីយន្តការប្រតិបត្តិការបរធនបាលកិច្ច មានលទ្ធភាពសមស្របដើម្បីរៀបចំខ្លួនចូលរួមអនុវត្ត និងទាញយកផលប្រយោជនពីប្រតិបត្តិការបរធនបាលកិច្ចក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជាចូលរួមជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយជាសាធារណៈ។

កម្មវិធីសិក្ខាសាលានេះដែរមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ប្រធាន/នាយកប្រតិបត្តិ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលជាសមាជិក-សមាជិការបស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា ក្រុមហ៊ុនបរធនបាល និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ៕