(កណ្ដាល)៖ លោកវីរសេនីយ៍ទោ ថន រដ្ឋា ត្រូវបានតែងតាំងមុខងារថ្មី ជានាយសេនាធិការរងកងរាជអាវុធហត្ថខេត្តកណ្ដាល និងតែងតាំងលោកវរសេនីយ៍ត្រី ព្រាប សាខន ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹងជំនួសវិញ។

ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សំ តុលា បញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល។

មេបញ្ជាការ បានថ្លែងថា ដំបូងបង្អស់យើងត្រូវអរគុណដល់សន្តិភាព ដោយសារមានសន្តិភាពទើបយើងបានរស់នៅប្រកបដោយសុភមង្គល និងការអភិវឌ្ឍលើគ្រប់វិស័យ សុខសន្តិភាពនេះ ផ្ដើមចេញពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ ធ្វើឱ្យសង្គ្រាមស៊ីវិលដែលអូសបន្លាយជោត៣ទសវត្សរ៍ត្រូវបានបញ្ចប់ និងបានបើកទំព័រសករាជ ឯករាជ្យ ឯកភាពទឹកដី សុខសន្តិភាពពេញបរិបូរណ៍ និងសុខដុមនីយកម្ម ការអភិវឌ្ឍពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង ៥០០ឆ្នាំ។

ឧត្តមសេនីយ៍ត្រី បានបន្តទៀតថា ការប្រកាសផ្លាស់ប្ដូរមុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង គឺមិនមែនដោយសារលោកវរសេនីយ៍ត្រី ថន រដ្ឋា មានកំហុស ឬត្រូវទទួលទោសវិន័យទណ្ឌកម្មអ្វីនោះទេ។ ជាទូទៅក្នុងក្របខណ្ឌកងយោពធពលខេមរភូមិន្ទក៏ដូចជាទូទាំងកងរាជអាវុធហត្ថ តែងតែមានការតាំងផ្លាស់ប្ដូរកែសម្រួលការដឹកនាំ ពុំមានអង្គភាពណាមួយដែលបញ្ជាការដឹកនាំគ្រប់គ្រងតែមួយរូបជារៀងរហូតនោះទេ។ ការតែងតាំងផ្លាស់ប្ដូរមុខតំណែង គឺធ្វើឡើងស្របទៅតាមច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងស្របតាមកំណែទម្រង់រចនាសម្ព័ន្ធចាត់តាំងថ្មីរបស់កងរាជអាវុធហត្ថ ហើយពេលនេះ លោកវីរសេនីយ៍ទោ ថន រដ្ឋា ក៏ត្រូវបានថ្នាក់ដឹកនាំមានការជឿទុកចិត្ត តែងតាំងមុខងារថ្មីជានាយសេនាធិការរងកងរាជអាវុធហត្ថខេត្តកណ្ដាលហើយត្រូវទៅបំពេញការងារនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី សំ តុលា ក៏បានផ្ដាំផ្ញើដល់លោកវីរសេនីយ៍ត្រី ព្រាប សាខន ដែលទើបត្រូវបានប្រកាសតែងតាំងផ្លាស់ប្ដូរ និងផ្ទេរមកទទួលភារកិច្ចថ្មីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹងពេលនេះ ត្រូវយកបទពិសោធន៍ដែលមានស្រាប់ក្នុងការបំពេញភារកិច្ចជាមេបញ្ជាការរងស្រុកនាពេលកន្លងទៅមកធ្វើការសិក្សាស្វែងយល់បំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បីបំពេញតួនាទីភារកិច្ចថ្មី ទទួលបានជោគជ័យនៅពេលខាងមុខ និងត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមក្នុងការអនុវត្តកិច្ចការមួយចំនួនដែលបានដាក់ជូនមក។ ធ្វើយ៉ាងណាបម្រើប្រជាជនការពារសុខសន្តិភាព និងការពារសង្គមឱ្យមានស្ថិរភាព និងសុខសុវត្ថិភាពល្អ៕