(កំពង់ចាម)៖ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម។

ក្នុងពិធីនេះ បានធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយ នាយរង នៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានផ្ដាំផ្ញើមន្ដ្រីអាវុធហត្ថ ដែលទើបផ្លាស់ប្ដូរភារកិច្ច និងបំពាក់ឋានន្ដរស័ក្ដិ ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារ ពិសេសការរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព និងបន្ដកិច្ចសហការល្អជាមួយបណ្ដាស្ថាប័ន អង្គភាពដែលមានការពាក់ព័ន្ធ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានដាក់បទបញ្ជាឲ្យកងកម្លាំងអាវុធហត្ថទូទាំងខេត្ត ត្រូវបន្ដពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ។

លើសពីនេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវបន្ដខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលអាច និងកើតមានក្នុងមូលដ្ឋានខេត្តកំពង់ចាម ដើម្បីបន្ដរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកមេបញ្ជាការក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម សម្រេចបាននាពេលកន្លងមក ប៉ុន្ដែលោកបានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងបន្ដកិច្ចសហការល្អជាមួយស្ថាប័នដទៃ ដើម្បីប្រសិទ្ធភាពការងារបន្ដទៀត៕