(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព សម្ពោធឆ្លងសមិទ្ធផលនានា វត្តមុនីសាលព្រឹក្ស ស្ថិតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ដែលចំណាយថវិកាសរុបចំនួន២៤៥,៣១៦ដុល្លារអាមេរិក។

ពិធីនេះមានការអញ្ជើញចូលរួម តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ-អង្គភាព ព្រមទាំងមានការចូលរួមពីបងប្អូនពុទ្ធបរិស័ទ លោកតាជី យាយជី សិស្សានុសិស្សយ៉ាងច្រើនកុះករ។

យោងតាមរបាយការណ៍លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានរៀបរាប់ពីការងារសាងសង់ រួមទាំងសមិទ្ធផលនានាក្នុងវត្ត មុនីសាលព្រឹក ដែលមានអាយុកាល ១០០ឆ្នាំកន្លងមកហើយ ដោយបច្ចុប្បន្នឃើញថាកំពុងបន្តកសាងមានប្រាសាទតម្កល់ ព្រះពុទ្ធរូប ១កន្លែង ជួសជុលឡើងវិញកន្លែងប្រាសាទតម្កល់ព្រះពុទ្ធរូបយាងចូលព្រះនិព្វាន។

កសាងប្រាសាទ និងជណ្តើរកែវ តំណាងឋានតាវតឹង្ស ១កន្លែង អមដោយរូបសំណាកព្រះសាវកទ្រង់ឈរបិណ្ឌបាត្រ រោងបាយមួយកន្លែង រូបសំណាកទេព្វប្រណម្យ ជួសជុលកែលំអរូបព្រះវិស្ណុរំលេចដោយទេព្វប្រណមចំនួន៧ អមជុំវិញ ជួសជុលឡើងវិញនៅដំបូលព្រះវិហា បន្ទប់ទឹក១ខ្នង មានចំនួន ៦បន្ទប់ ធ្វើអំពីបេតុង រូបនាគផុស។ កសាងប្រាសាទសំពៅលក្ខណមួយកន្លែង ជួសជុលអាសនៈតំកល់ព្រះពុទ្ធរូបក្នុងឧបដ្ឋានសាលាឆ្នាំ២០២២ ក៏សាងក្លោងទ្វារ និងផ្លូវបេតុងឆ្ពោះទៅកាន់ស្រះទឹក អមដោយឆ្មាំយាមទ្វារចំនួន ២រូប រូបក្បាលនាគផុសកណ្តាលស្រះទឹក១ ធ្វើជណ្តើរចេញពីខាងកើតព្រះវិហារឆ្ពោះមកកាន់ស្រះទឹកអមដោយរូបសំណាកសាវកព្រះពុទ្ធទ្រង់ឈេរបិណ្ឌបាត្រចំនួន ៨អង្គ និងរៀបចំកែលំអទីធ្លាវត្ត ដែលសព្វថ្ងៃមានព្រះអង្គគង់នៅសិក្សារៀនសូត្រព្រះធម៌វិន័យចំនួន ១១អង្គ។

លោក គួច ចំរើន បានថ្លែងថា តាងនាមរដ្ឋបាលខេត្ត ពិតជាមានមោទនភាព ក្នុងការបើកសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តមុនីសាលព្រឹក្សនាព្រឹកនេះ សូមកោតសរសើរព្រះតេជគុណ មាស ហាន់ ព្រះចៅអធិការ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ គណៈកម្មការអាចារ្យវត្តបានខិតខំលះបង់យកអស់កម្លាំងព្រះកាយ កម្លាំងព្រះទ័យ ព្រះប្រាជ្ញាស្មារតី និងធនធានក្នុងការគ្រប់គ្រងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន រហូតកសាងបាននូវសាលាអនុគណស្រុក សាលាធម្មសភា ព្រះពន្លាជ័យ ជណ្តើកែវ ប្រាសាទតម្តល់ព្រះពុទ្ធរូប រូបបដិមាផ្សេងៗ រូបសំណាកហ្លួងព្រះសេ្តចកន ចង្គ្រានបាយ ក្លោងទ្វា ផ្លូវបេតុង វេច្ចកុដិ កែលម្អទីសេនាសនៈនានា និងទីធ្លាក្នុងវត្តចំណាយថវិកាសរុប ២៤៥,៣១៦ដុល្លារ។

លោកអភិបាលខេត្ត បានបន្តថា សមិទ្ធផលទាំងនេះកើតឡើងពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនដោយសទ្ធាជ្រះថ្លារបស់លោកឧកញ៉ា រួមជាមួយសប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេចបាននូវសមិទ្ធផលសម្រាប់តម្តល់ទុកជាសម្បត្តិគរុភណ្ឌ ក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ ព្រះរាជាណាចក្រកម្ពុជា បានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនាក្នុងនោះមានការគោរពសេរីភាពខាងជំនឿសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។

នាឱកាសនោះដែរ លោក គួច ចំរើន ក៏លើកទឹកចិត្តឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រជាពល
រដ្ឋឱ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គី មានទំនាក់ទំនងឱ្យបានទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាងសកម្មចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។

អភិបាលខេត្ត ក៏បានថ្លែងអំណរគុណប្រជាពលដ្ឋដែលមានការជឿជាក់លើគណបក្សប្រជាជន ដែលបានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទទួលបានសម្លេងគាំទ្រ ហើយសង្ឃឹមថា បងប្អូន និងបន្តការគាំទ្រគណបក្សប្រជាជនបន្តទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យទទួលបានលទ្ធផលល្អតាមការគ្រោទុក។

ជាមួយគ្នានេះ លោកអភិបាលខេត្តតែងតែយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់បងប្អូនប្រជាពរដ្ឋ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ ព្រោះប្រទេសជាតិមានសុខសន្តិភាព ក៏ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់ក្នុងខេត្តព្រះសីហនុ ដូច្នេះដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺមានតែចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា។

ទន្ទឹមនឹងនេះដែរ លោក គួច ចំរើន ក៏បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូនយាយជីតាជី ៣០នាក់ ក្រណាត់ស ១ដុំ ថវិកា ២ម៉ឺនរៀល ប្រជាពលរដ្ឋ ៦០០នាក់ ម្នាក់១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ២០នាក់ ម្នាក់៥ម៉ឺនរៀល សិស្សានុសិស្ស ១០០នាក់ ម្នាក់ សៀវភៅ ២ក្បាល ប៊ិច ២ដើម ថវិកា១ម៉ឺនរៀល យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម ១៥០នាក់ ម្នាក់ ២ម៉ឺនរៀល យុវជន អ.ម.ត ២៥នាក់ ម្នាក់២ម៉ឺនរៀល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព ២៥នាក់ ម្នាក់២ម៉ឺនរៀល ជូនសាលាស្រុក ១លានរៀល ក្រុមគ្រូពេទ្យ ៥០ម៉ឺនរៀល៕