(ភ្នំពេញ)៖ លោកបណ្ឌិត ថងលុន ស៉ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤ ដល់ទី០៦ ខែឧសភា ឆ្នាំ២០២៣ ព្រមទាំងចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញ Fresh News ទទួលបាន។

ទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវ ធ្វើឡើងតបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកបណ្ឌិត ថងលុន ស៉ីសុលីត នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។

លោកបណ្ឌិត ថងលុន ស៉ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។ លោកបណ្ឌិត ថងលុន ស៉ីសុលីត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគីដើម្បីពិភាក្សាអំពីការធ្វើឱ្យស៉ីជម្រៅ បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាក្តីបារម្ភរួម។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិត ថងលុន ស៉ីសុលីត មកកាន់កម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ។

ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបរបស់លោក ថងលុន ស៉ីសុលីត៖

* ជីវិត, ការងារ, ការអប់រំ និងនយោបាយ

លោក ថងលុន ស៉ីសុលីត គឺជាអ្នកនយោបាយឡាវមួយរូប ដែលធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានាធិបតី ឬប្រធានរដ្ឋឡាវ។ មិនតែប៉ុណ្ណោះលោក ក៏ជាសមាជិកលំដាប់លេខរៀងទី៤ នៃការិយាល័យនយោបាយរបស់គណបក្សបដិវត្តន៍ប្រជាជនឡាវផងដែរ។

លោក ស៉ីសុលីត កើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅក្នុងខេត្ត Houa Phan ប្រទេសឡាវ។ លោកបានសិក្សានៅឯសាលាគរុកោសល្យ Neo Lao Hak Sat ក្នុងខេត្ត Houa phan ពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៦៩។ លោកបានទៅបន្តការសិក្សានៅអតីតសហភាពសូវៀត និងប្រទេសវៀតណាម ហើយបរិញ្ញាបត្រធំៗ ដែលលោកទទួលបាននោះគឺ បណ្ឌិតខាងទស្សនៈវិជ្ជា និងអនុបណ្ឌិតអក្សរសាស្ត្រ និងអក្សរសិល្ប៍។ ដោយឡែកក្រៅពីភាសាឡាវ លោក ស៊ីសុលីត ក៏អាចនិយាយភាសារុស្ស៊ី វៀតណាម និងអង់គ្លេសផងដែរ។

លោក ស៉ីសុលីត បានក្លាយជាអនុរដ្ឋមន្ត្រីការបរទេសឡាវ នៅឆ្នាំ១៩៨៧ ហើយក្រោយមកទៀតកាន់តំណែងជារដ្ឋមន្ត្រីការងារ និងសុខមាលភាពសង្គម ព្រមទាំងជាប្រធាន គណៈកម្មាធិការកិច្ចការការបរទេស នៃសភាជាតិឡាវ។

ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ លោក ស៉ីសុលីត បានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីឡាវ និងជាប្រធានគណៈកម្មាធិការផែនការរដ្ឋ។ ពីឆ្នាំ២០០៦ ដល់ដើមឆ្នាំ២០១៦ លោកបម្រើការងារជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ហើយរហូតដល់ខែមេសា ឆ្នាំ២០១៦ ទើបលោក ស៉ីសុលីត ក្លាយជានាយករដ្ឋមន្ត្រីឡាវ រហូតដល់ឆ្នាំ២០២១។ នៅខែមីនា ឆ្នាំ២០២១ លោកបានជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសឡាវ៕