(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងផ្តល់ការគាំទ្រដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងការសហការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម។

ពិធីនេះបានរៀបចំធ្វើឡើង នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣

អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានេះ បានបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ របស់ក្រសួង ស្ថាប័ន ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

ទន្ទឹមនឹងនេះ អនុស្សរណៈនេះ ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការ ប្រកបដោយស្មារតីបុរេសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដានៅលើឯកសារ និងការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលរបស់ខ្លួនផងដែរ។

ក្រោយពីបញ្ចប់ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានអនុញ្ញាតឲ្យអ្នកសារព័ត៌មាន សាកសួរសំណួរ និងសុំការបំភ្លឺបន្ថែមពាក់ព័ន្ធ នឹងខ្លឹមសារនៃអនុស្សរណៈ នៃការយោគយល់នេះផងដែរ។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឲ្យប្រើក្នុងគោលបំណង លុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់ នៅលើសន្លឹក នៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឲ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕