(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្រសួងកសិកម្ម នឹងចាប់ផ្តើមសហការជាមួយក្រសួងប្រៃសណី​យ៍ និងគមនាគន៍ បញ្ចូលបច្ចេកវិទ្យាឌីជីថល នៅក្នុងវិស័យកសិកម្ម ​ដើម្បីជួ​យដល់ប្រជាកសិករ ក្នុងការយល់ដឹងពីបច្ចេកទេសកសិកម្ម និងស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម នៅលើថ្នាលបច្ចេកវិទ្យា។

លោក ឌិត ទីណា ថ្លែងបែបនេះធ្វើឡើងក្នុងពិធីចុះហេត្ថលេខាលើអនុស្សរណៈ នៃការយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណេត រវាងក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក ឌិត ទីណា បាន​ឱ្យដឹងថា ក្រសួងនឹងរៀបចំជាអែប (App) មួយដែលមានលក្ខណៈងាយស្រួល ​សម្រាប់កសិករប្រើប្រាស់ ដោយអែបនោះ មាននឹងដាក់បញ្ចូលនូវព័ត៌មានបច្ចេកទេសដាំដុះ ការណែនាំមួយចំនួន នូវការអនុវត្តកសិកម្មល្អ ការណែនាំពីវិធីក្នុងការដាក់ជី ​ការប្រើប្រាស់ថ្នាំកសិកម្មផ្សេងៗ ​ដើម្បីឱ្យកសិករអនុវត្ត។​ ជាមួយគ្នានេះ កសិករក៏អាចថតរូប ឬវីដេអូ ដាក់បញ្ចូលក្នុងអែបបង្ហាញពីការដាំដុះ ​ផលិតផលដែលពួកគាត់ត្រៀមដាំ ឬប្រមូលផលផងដែរ។

លោកបន្ថែមថា «​យើងនឹងធ្វើការជាមួយមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអភិវឌ្ឍន៍នូវប្រព័ន្ធឌីជីថលមួយ បម្រើឱ្យទាំងអស់គ្នានៅក្នុងវិស័យកសិកម្ម។ ផ្អែកលើផ្នែកនេះហើយ បានយើងចាប់ផ្តើមធ្វើការជាមួយគ្នា ដោយមានការទុកចិត្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​នឹងជួយសម្រួល​រហូតទៅដល់កសិករយើងអាចប្រើប្រាស់បាន»

លោកថា បច្ចុប្បន្ននេះ កសិករកម្ពុជាមានការប្រើប្រាស់ស្មាតហ្វូន និងប្រើប្រាស់បណ្តាញសង្គមច្រើន ហេតុនេះហើយពួកគាត់ក៏អាចប្រើប្រាស់ អែប (App) ដែល​បង្កើតឡើងនេះ ដើម្បីជួយដល់ពួកគាត់ក្នុងការដាំដុះ និងស្វែងរកទីផ្សារផងដែរ។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ បានកត់សម្គាល់ថា បច្ចុប្បន្ននេះពលរដ្ឋកម្ពុជា​ មានចំណេះដឹងច្រើន លើការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសកម្មវិធីដែលផ្តល់ប្រយោជន៍ដល់ពួកគាត់ ដែលធ្វើឱ្យពួកគាត់កាន់តែឆាប់ទទួលបាន។

លោកបន្តថា នៅពេលខាងមុខ ក្រសួងទាំងពីរក៏នឹងមានគម្រោងបង្កើតផ្សារកសិកម្មមួយ នៅក្នុងទីរួមខេត្តនីមួយៗ ដែលមានទាំងអ្នកលក់បែបប្រពៃណី និងអ្នកលក់បែបអនឡាញ នៅលើថ្នាល​បច្ចេកវិទ្យា ដែលកត្តានេះនឹងជួយកសិករបានច្រើន ក្នុងលក់ផលិតផលកសិកម្មរបស់ខ្លួន។

ជាមួយគ្នានេះ លោក ជា វ៉ាន់ដេត បានឱ្យដឹងផងដែរ នៅប្រមាណ២ខែខាងមុខក្រសួងនឹងដាក់នូវឯកសំខាន់ៗ ដែលជាគោលដៅនៃការសុំ QR Code ដើម្បីផ្តល់ភាពងាយស្រួល ដល់ការនាំចេញទំនិញកសិកម្ម ទៅកាន់ប្រទេសនានាផងដែរ​៕