(ហ្សាការតា)៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកស្រី Stella Bezirtzoglou ឯកអគ្គរដ្ឋទូតជ្រើសតាំង នៃសាធារណរដ្ឋក្រិកប្រចាំ អាស៊ាន បានជូនសារតាំង ដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ស្តីពីការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងក្រិក និងបានរិះរកកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលជាប្រយោជន៍ទៅវិញទៅមក។

ដោយឡែកនៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ លោក Hagiuda Koichi សមាជិកសភាតំណាងរាស្ត្រជប៉ុន និងជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវគោលនយោបាយ គណបក្សប្រជាធិបតេយ្យសេរីនិយម។

ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិអំពីទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន ហើយស្វែងរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យនានា ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាដើម។

សូមជម្រាបជូនថា ឆ្នាំ២០២៣ ជាខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ហើយអាស៊ាន និងជប៉ុន បានឯកភាពគ្នាជ្រើសរើសយកឆ្នាំ២០២៣ ជាខួប ៥០ ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៕