(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និងលោកស្រី អេង គឹមហ៊ាប នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ បាននាំយកអំណោយសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះចំនួន៦គ្រួសារ នៅចំណុចជិតសាលារៀនអន្តរជាតិ វីន ក្នុងមូលដ្ឋានភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពន់ទី២ កាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។

អំណោយរបស់អនុសាខាកាកបាទក្រហមត្រូវបាននាំយកចែកជូនជនរងគ្រោះ តាមរយៈលោក ហែម ដារិទ្ធិ នេះអមដំណើរដោយលោកស្រី ហួត ឃីម អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយការបាទក្រហមកម្ពុជា ចែកជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យចំនួន ៦គ្រួសារ ឆេះផ្ទះអស់ចំនួន២ខ្នងផ្ទះ ស្ថិតនៅភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក​ ហែម ដារិទ្ធិ ក្នុងឱកាសចែកអំណោយបានចូលរួមសម្តែងនូវការសោកស្តាយជាមួយប្រជាពរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យ​ និងបាននាំយកការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធានកាកបាទក្រហម​ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកាកបាទក្រហមរាជធានីភ្នំពេញ ដែលតែងតែជួយឈឺឆ្អាល និងជួយសំរាលទុក្ខលំបាកប្រជាពលរដ្ឋដែលកំពុងរងគ្រោះថ្នាក់ផ្សេងៗ​ លោកអភិបាលខណ្ឌ បានបញ្ជាក់ជូនប្រជាពលរដ្ឋអំពីការខិតខំជួយសង្គ្រោះរបស់កម្លាំងអាជ្ញាធរមូលដ្ឋាន នៅពេលដែលមានអគ្គិភ័យកេីតឡេីងភ្លាមៗផងដែរ​។

ជាមួយគ្នានោះលោក​ ហែម ដារិទ្ធិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបេីមានការខ្វះខាតស្បៀងត្រូវទាក់ទងមកតាមប្រធានភូមិ​ រឺចៅសង្កាត់ ដេីម្បីបានជួយសង្គ្រោះបន្ថែមទៀត។

ប្រធានកិត្តិយសអនុសាខាសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ក៏បានណែនាំឱ្យលោកចៅសង្កាត់ ប៉ុស្តិ៍ ជួយសម្រួលរាល់ឯកសារពាក់ព័ន្ធដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសម្រាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត ជាពិសេសប្រើប្រាស់ក្នុងការទៅបោះឆ្នោតខាងមុខនេះ។

ក្នុងនោះដែរលោកអភិបាលខណ្ឌមានជ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែរ ងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើង ការពារកុំឱ្យមានអគ្គិភ័យឆាបឆេះវាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទូកកណ្តាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ»។

លោកស្រី ហួត ឃីម បានឱ្យដឹងថា ថ្ងៃនេះ ជាលើកទី២ហើយ ដែលក្រុមការងារកាកបាទខណ្ឌមានជ័យសង្កាត់បានចុះមកសួរសុខទុក្ខ និងនាំយកអំណោយជូនក្រុមគ្រួសាររងគ្រោះដោយអគ្គិភ័យនេះ។

លោកស្រីបានបញ្ជាក់ថាអំណោយកាកបាទក្រហមផ្តល់ជូនរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៩កេស, ពងទា, ត្រីងៀត, ទឹកត្រី ២យួរ, ទឹកក្រូច ១កេស, ទឹកសុទ្ធ ៣កេស, ឃីត៤កញ្ចប់, សម្ភារៈប្រើប្រាស់ ២ឈុត, បាឡុង១ឈុតធំ និងថវិកាចំនួន ៣៨ម៉ឺនរៀល បូក១០០ដុល្លារ៕