(កំពង់ឆ្នាំង)៖ ដើម្បីចូលរួមអបអរសាទរក្នុងនូវព្រឹត្តិការណ៍នៃការប្រកួតកីឡាស៉ីហ្គេមលើកទី៣២ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំការបញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ អំពីសកម្មភាព ការប្រកួតកីឡាស៉ីហ្គេម គ្រប់ប្រភេទចែកជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការទស្សនាតាមទីសាធារណៈគ្រប់ក្រុងស្រុកទាំង៨ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២ ៣ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

យោងតាមសេចក្តីណែនាំរបស់រដ្ឋ បាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយរដ្ឋបាលក្រុង ស្រុកទាំង៨ ដើម្បីរៀបចំការបញ្ចាំងស្លាយ និងផ្សាយបន្តផ្ទាល់អំពីការប្រកួតកីឡាស៊ីហ្គេម ដើម្បីជូនប្រជាពលរដ្ឋមកទស្សនាកំសាន្តនៅតាមបណ្ដាមូលដ្ឋានឱ្យបានគ្រប់ក្រុង ស្រុក ឬតាមទីវត្តអារាមផ្សេងៗ។

ដោយឡែកក្នុងក្រុងកំពង់ឆ្នាំង រដ្ឋបាលក្រុងបានរៀបចំការបញ្ចាំងស្លាយ និងការផ្សាយបន្តផ្ទាល់ អំពីការប្រកួតកីឡាស៊ីហ្គេមចំនួន៣ទីតាំង ទី១៖ សួនបាញ់ទឹក ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទល់មុខសាលាខេត្ត, ទី២៖ សួនច្បារវិមានឯករាជ្យ និងទី៣៖ សួនច្បារសម្ដេចចៅហ្វាវាំង គង់ សំអុល និងនៅតាមបណ្ដាស្រុកទាំង៨ ក៏មានការរៀបចំការបញ្ចាំងស្លាយ និងផ្សាយបន្តផ្ទាល់អំពីសកម្មភាពកីឡាស៊ីហ្គេមផងដែរ។

ដោយឡែកនៅវេលាម៉ោង១៩៖០០នាទីយប់ថ្ងៃទី០២ ខែមេសានេះ ក៏មានការប្រកួតកីឡាបាល់ទាត់រវាងក្រុមកីឡាករកម្ពុជាយើង ប្រកួតជាមួយនឹងក្រុមកីឡាករប្រទេសហ្វីលីពីនផងដែរ ហេតុនេះសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការ ដែលស្នេហាវិស័យកីឡាបាល់ទាត់ ក៏ដូចជាកីឡាផ្សេងៗសូមអញ្ជើញមកទស្សនាកំសាន្តនៅតាមទីតាំងដូចបានជម្រាបជូនខាងលើនេះកុំបីខាន និងដោយរីករាយ៕