(ភ្នំពេញ)៖ លោក ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់ បានបង្ហាញការយល់ឃើញថា ភាពដូចគ្នា​នៃការ​គោរពប្រតិបត្តិចំពោះព្រះពុទ្ធសាសនា នឹងជាចំណែកមួយជួយឱ្យទំនាក់ទំនង រវាងកម្ពុជា និងនេប៉ាល់ កាន់តែល្អប្រសើរ។

ប្រធានរដ្ឋសភានេប៉ាល់ លើកឡើងបែបនេះនៅក្នុងជំនួបសម្តែងការគួរសម និងសំ​ណេះ​​​សំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នារសៀល​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹង​ថា នៅក្នុងជំនួបនោះ លោក ទីមីលស៊ីណា ក៏បានគោរពសម្ដែងនូវការអប​អរ​សាទរ​ជូនសម្ដេចតេជោ ដែលទទួលបានគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ពីអង្គ​កា​រពុទ្ធ​សាសនិកពិភពលោក។

លោក ក៏បានបង្ហាញក្តីរីករាយ បានមកកាន់កម្ពុជាសារជាថ្មី ដើម្បីពង្រីកពង្រឹង​ទំនាក់​ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យវប្បធម៌ ទេសចរណ៍ វិនិ​យោគ និងជាពិសេសលើវិស័យដែលប្រទេសទាំងពីរ បានចុះហត្ថលេខា​ព្រម​ព្រៀង​ជាមួយគ្នារួចហើយនោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រធានរដ្ឋសភានេប៉ាល់ ដែលបាន​អញ្ជើញចូលរួមក្នុងពិធីទទួលគោរមងាកិត្តិយស «ពុទ្ធមាមកាភិបាល» និងសម្ដែង​​ការអបអរសាទរជូនសម្ដេច។

សម្ដេចតេជោ បានលើកឡើងថា សម្ដេចពិតជាមានកិត្តិយសណាស់ ដែលបាន​ទទួល​គោរមងាខ្ពស់បំផុតទាក់ទងនឹងព្រះពុទ្ធសាសនា ហើយក៏ជាមោទនភាព​ណាស់​ដែរ ដែលសម្ដេចធ្លាប់ជាក្មេងវត្ត ហើយពេលនេះ ត្រូវបានទទួលស្គាល់ ជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឯកភាពនឹងប្រធានរដ្ឋសភា ក្នុងការជំរុញកិច្ច​សហ​ប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈជំរុញការអនុវត្ត​លើ​វិស័យទាំងឡាយ ដែលបានព្រមព្រៀងគ្នារួចហើយ ដោយឈរលើមូលដ្ឋាន ដែលប្រទេស​ទាំងពីរមានដូចគ្នានោះ៕