(កំពង់ធំ)៖ ប្រជាពលរដ្ឋយ៉ាងជាច្រើនកុះករមកទស្សនាការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់រវាងកម្ពុជា និងហ្វីលីពីន នៅសួនច្បារមាត់ស្ទឹងសែន រាត្រីថ្ងៃ០២ ខែឧសភា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋដែលមកចូលរួមទស្សនាការផ្សាយបន្តផ្ទាល់បានបញ្ចេញមតិប្រហាក់ប្រហែលគ្នាថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយដែលរដ្ឋបាលខេត្តបានរៀបចំដាក់ទូរទស្សន៍ខ្នាតធំឱ្យពួកគាត់បានទស្សនាជុំគ្នាយ៉ាងច្រើនកុះករ ដែលធ្វើឲ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយ ស្រែកហ៊ោកញ្ច្រៀវ ជាពិសេសនៅពេលក្រុមកីឡាករទាត់បាល់បញ្ចូលទីម្ដងៗ។

អ្នកមកទស្សនាបានធ្វើការគាំទ្រ និងលើកទឹកចិត្តដល់កីឡាករកម្ពុជាដែលបានខិតខំប្រឹងប្រែងតាំងពីនាទីទី១ រហូតដល់នាទី ៩៥បូក ដែលទទួលបានលទ្ធផលមួយស្មើ។

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានត្រឹមស្មើជាមួយហ្វីលីពីន ១-១ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៃប្រកួតទី២ សម្រាប់ពូល A តាមរយៈលទ្ធផលនេះក្រុមកម្ពុជា រកបានត្រឹម ៤ពិន្ទុ បន្តឈរកំពូលតារាងបណ្តោះអាសន្ន។ ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ស្ថិតក្នុងការប្រកួតវគ្គទី១ ក្រុមកម្ពុជា រកបាន ១គ្រាប់ធ្វើបានដោយកីឡាករ គី រីណា នាទី២៦ និងក្រុមហ្វីលីពីន ដោយកីឡាករ Carino នៅនាទី៩០+២ នេះជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A សម្រាប់ក្រុមទាំងពីរ។ តាមរយៈលទ្ធផលនេះឃើញថាក្រុម U22កម្ពុជា នៅតែបន្តឈរកំពូលតារាង ក្រោយរកបាន ៤ពិន្ទុជាបណ្តោះអាសន្ន ក្រោយយកឈ្នះទីម័រខាងកើត និងស្មើជាមួយហ្វីលីពីន៕