(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្តេចតេជោទទួលគោរមងារជា «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ»ពីសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាង នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសារលិខិតរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឱ្យដឹងដូចនេះថា «តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការអបអរសាទរប្រកបដោយក្តីរំភើបរីករាយឥតឧបមាចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានគោរមងារជា «ពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោក (Patron of The WFB) និងសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត» ពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី០២
ខែឧសភា ឆ្នាំ២០២៣ ។

ក្នុងឱកាសមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលសម្តេចអគ្គមហាសេនាបតីតេជោ បានទទួលគោរមងារជា «ពុទ្ធមាមកាភិបាល » និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយសុទ្ធចិត្តបំផុតជូន សម្តេចតេជោ ដែលជាប្រមុខដឹកនាំដ៏ឆ្នើមមួយរូបប្រកបដោយគតិបណ្ឌិត តែងតែយកនូវឆន្ទៈ មនសិការ បញ្ញាញាណ បម្រើឱ្យផលប្រយោជន៍ជាតិ និងប្រជាជន ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវជោគជ័យផ្លែផ្កាធំធេង នាំមកនូវសុខសន្តិភាព ស្ថិរភាព ជូនជាតិមាតុភូមិ ។

កន្លងមកនេះក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ មិនត្រឹមតែសម្រាប់ព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះទេ គឺសម្រាប់អាស៊ាន ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់សហគមន៍អន្តរជាតិផងដែរ ។

ចំណែកក្នុងវិស័យសាសនា សម្តេចអគ្គមហាសេនាបតីតេជោ ជាពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានថែរក្សា គោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ឧបត្ថម្ភទ្រទ្រង់ លើកតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លាខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម ដោយបានកសាងវត្តអារាម និងសមិទ្ធផលយ៉ាងច្រើនពាក់ព័ន្ធនឹងសាសនា និងធ្វើឱ្យមានសុខដុមនីយកម្មជំនឿសាសនានៅព្រះរាជាណាចក្រកម្ពុជា»៕