(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានផ្តល់កិច្ចសម្ភាសដល់សារព័ត៌មានចំនួន៤ ស្ថាប័នផ្សេងៗគ្នា ជាបន្តបន្ទាប់ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

សារព័ត៌មានទាំង៤នេះរួមមាន NHK របស់ជប៉ុន, ទីភ្នាក់ងារសារព័ត៌មាន Viet Nam News Agency, សារព័ត៌មាន The China Global Television Network (CGTN) របស់ចិន និងសារព័ត៌មាន CNN ប្រចាំប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន NHK របស់ជប៉ុន អគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈស្តីពីខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ព្រមទាំងបញ្ហាតំបន់ក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត។

សម្រាប់កិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មាន Viet Nam News Agency លោកបណ្ឌិត កៅ គឹមហួន បានលើកឡើងអំពីចំណុចសំខាន់ៗមួយចំនួនដែលអាចជាប្រធានបទដើម្បីលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ និងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងបញ្ហាផ្សេងទៀត។

សម្រាប់ផ្តល់កិច្ចសម្ភាសដល់សារព័ត៌មាន The China Global Television Network (CGTN) របស់ចិន លោកបណ្ឌិត កៅ គឹមហួន បានចែករំលែកទស្សនៈរបស់គាត់អំពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលភាគីទាំងពីរគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ដោយឡែកសម្រាប់កិច្ចសម្ភាសជាមួយសារព័ត៌មាន CNN ប្រចាំប្រទេសឥណ្ឌូណេស៊ី លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈរបស់គាត់ស្តីពី ដំណើរការកសាងសហគមន៍អាស៊ាន និងកិច្ចការដែលអាស៊ាន ត្រូវធ្វើជាពិសេសក្រោយពីជំងឺរាតត្បាតកូវីដ១៩៕