(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកសូម​ការ​យោគ​យល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសំបុត្រចូលរួមទស្ស​នា​​ការប្រកួតបាល់ទាត់ ក៏ដូចជាសំបុត្រចូលរួមពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេម។

ក្នុងសារពិសេសផ្ញើជូនជនរួមជាតិនៅព្រលប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្តាតអូឡាំពិក ដែលបម្រើការប្រកួត​បាល់​ទាត់ ក៏ដូចជាវិមានកីឡដ្ឋាន (ស្តាតមរតកតេជោ) បម្រើការរៀបចំពិធីបិទ និង​បើក​ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ចំនួនកៅអីមានកំណត់ ហើយអ្នកចង់​ចូលរួម​មាន​ចំនួនច្រើន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំព្រះករុណា ខ្ញុំ សូមបញ្ជាក់ថា យើងគ្មានជម្រើសឱ្យល្អជាងនេះទៀតទេ។ ទីធ្លាយើង មានត្រឹមប៉ុណ្ណឹង កន្លែងយើង​តូច ប៉ុន្តែមនុស្សចូលមើលច្រើន។ កន្លែងយើងតូច តែមនុស្សចង់ចូលរួមមានច្រើន។ ដូច្នេះយើងមិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបានទេ»

សម្តេចតេជោ បន្ថែមថា «ខ្ញុំព្រះករុណា ខ្ញុំ សូមចិត្តបងប្អូនយោគយល់​ចំពោះការ​លំបាក​មួយនេះ ដែលរាជរដ្ឋាភិបាលគ្មានលទ្ធភាពនឹងដោះស្រាយនោះទេ។ អ្នកដែលទទួលបាន គឺសប្បាយចិត្ត អ្នកមិនបានទទួល មិនសប្បាយចិត្ត»

សម្តេចតេជោ ហ៊ុន សែន សូមឱ្យប្រជាពលរដ្ឋខ្មែរបញ្ឈប់ការវាយប្រហារលើអ្នក​រៀប​ចំ ពាក់ព័ន្ធនឹងបញ្ហាសំបុត្រនេះ ព្រោះជាកាធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្ត ដែលពួកគេខិតខំរៀបចំព្រឹត្តិការណ៍ជាកិត្តិយសរបស់ជាតិនេះ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/134223