(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន (Dr. LI Ailan) តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ចូល​ជួប​សម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសលោកស្រីវេជ្ជបណ្ឌិតបាន​បញ្ចប់​បេសកកម្មនៅកម្ពុជា ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងមនោសញ្ចេតនា​ស្វាគមន៍​យ៉ាងកក់​ក្តៅ​ចំពោះ លោកស្រីតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងថ្លែង​អំណរ​គុណ​ចំពោះអង្គការសុខភាពពិភពលោក ដែលបានគាំទ្រវិស័យសុខាភិបាល​ទាំង​បច្ចេកទេស និងថវិកា ចាប់តាំងពីឆ្នាំ១៩៩១។ ជាពិសេសក្នុងអំឡុងពេល​នៃការរីក​រាល​ដាលជំងឺកូវីដ-១៩ ដូចជាការសម្របសម្រួលឱ្យកម្ពុជា​ បានទទួលវ៉ាក់សាំង​កូវីដ​-១៩ មុនគេពីមជ្ឈមណ្ឌលកូវ៉ាក់ និងការគាំទ្រផ្នែកបច្ចេកទេសនានា។

លោកស្រីតំណាងអង្គការសុខភាពពិភពលោក បានថ្លែងអបអរសាទរ និងកោត​សរ​សើររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាល​ដាល​ជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ បានទទួលជោគ​ជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំ ចង្អុលបង្ហាញផ្ទាល់ ដែល​អាចឱ្យកម្ពុជា បើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ​តាំង​ពីខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបាន​សហ​ការ គាំទ្រដល់បេសកកម្មរបស់អង្គការសុខភាពពិភពលោក ក្នុងការអនុវត្ត​គម្រោងកម្មវិធីជាច្រើនដូចខាងក្រោម៖

* ប្រយុទ្ធនឹងជំងឺឆ្លង ដូចជាជំងឺ អេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺ​រលាក​ថ្លើម​បេ ជំងឺដែលអាចបង្ការ បានដោយវ៉ាក់សាំង ដូចជាជំងឺ រលាកថ្លើមប្រភេទបេ ជំងឺ​ស្អូច ខាន់ស្លាក់ និងជំងឺរលាកស្រោមខួរក្បាល បង្កដោយមេរោគ Japanese Encephalitis និងជំងឺបង្កដោយបាក់តេរីតែអាចបង្ការបានដោយវ៉ាក់សាំង តាម​រយៈ​ការដាក់ឱ្យប្រើវ៉ាក់សាំងថ្មីទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។

* ជំងឺមិនឆ្លង រួមមានផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយជាតិអំបិល ២០២១​-២០២៧ ផែនការយុទ្ធសាស្រ្កស្តីពីការអប់រំ និងកាត់បន្ថយ​ការប្រើ​ប្រាស់​ផលិតផលថ្នាំជក់ ២០២១-២០២៦ និងសេចក្តីព្រាងផែនការ យុទ្ធសាស្រ្តជាតិ សម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០២២-២០៣០។

* ជំរុញសម្រេចការគ្របដណ្តប់សុខភាពជាសកល​តាមរយៈការផ្តោតឡើង​វិញ ​ទៅ​លើ​ការថែទាំសុខភាពបឋម។

លោករដ្ឋមន្ត្រី ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការ​ជួយ​​​ឧបត្ថម្ភ គាំទ្ររបស់អង្គការសុខភាពពិភពលោក ជាពិសេសភាពជាអ្នកដឹកនាំ​របស់លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ក្នុងស្មារតីសាមគ្គីភាព មិត្តភាពនិងកិច្ច​សហប្រតិបត្តិការរវាងប្រទេសក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក និងបានជូនពរលោកស្រី វេជ្ជបណ្ឌិតបានទទួលជោគជ័យក្នុងភារកិច្ចថ្មី៕