(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្សាយបន្តផ្ទាល់ពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្ពុជានឹងរៀបចំពិធីបិទ និងបើក៏ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។

ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៦៖៣០នាទីយប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយចំនួន់ដូចខាងក្រោម៖
១៖ សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២៖ សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រួ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៣៖ ក្នុងបុរីប៉េងហួតបឹងស្នួរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ
៤៖ ស្ងួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា
៥៖ សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
៦៖ សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៧៖ ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ នឹងចូលរួមគាំទ្រទស្សនាការផ្សាយបន្តផ្ទាល់នេះឱ្យបានច្រើនកុះក៍រ និងអធិកអធម ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
ដែលព្រះរាជាណាចក្រកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ ដើម្បីរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ ។

ទទួលសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអង្គភាពជំនាញពាក់ព័ន្ធត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និង
អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕