(ភ្នំពេញ)៖ គណៈសង្ឃនាយកកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយក្នុងន័យច្រានចោលការបកស្រាយផ្ដេសផ្ដាសរបស់ជនរត់ចោលស្រុក ប៊ុត ប៊ុនតិញ ដែលមួលលបង្កាច់ប៉ះពាល់ដល់កិត្តិយសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការទទួលបានគោរមងារ «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក។

គណៈសង្ឃនាយកបានបញ្ជាក់ថា បុគ្គល ប៊ុត ប៊ុនតិញ ម្នាក់នេះ គឺបកប្រែខុសនឹងអត្ថន័យខ្លឹមសារនៃបរិបទភាសាបាលីលើគោរមងារទាំងស្រុង។ អត្តន័យត្រឹមត្រូវនៃពាក្យ «ពុទ្ធមាមកភិបាល» ត្រូវបានបកស្រាយថា គឺមកពីពាក្យ ពុទ្ធ + មាមកៈ + អភិបាល ដែលមានន័យថា អ្នករក្សាដ៏ក្រៃលែងនូវអ្នកគោរពស្រឡាញ់រាប់អានព្រះពុទ្ធសាសនា។

គណៈសង្ឃនាយកបានចាត់ទុកបុគ្គល ប៊ុត ប៊ុនតិញ នេះជាទុព្វចជាតិកបុគ្គល (បុគ្គលរបឹងរឹងរូសជាអ្នកប្រដៅក្រ) យល់ខុសដោយខ្លួនឯង ឆ្កួតដោយខ្លួនឯង មានភាពល្ងង់ខ្លៅខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យ ខ្វះចំណេះដឹងផ្នែកភាសាបាលី តែបែរជាហ៊ានលើកឡើងផ្តេសផ្តាស និងបកស្រាយខុសទាំងងងឹតងងុល។

ផ្អែកលើមូលដ្ឋាននេះ គណៈសង្ឃពុទ្ធសាសនាកម្ពុជាបានប្រកាសជាចំហ និងដាច់អហង្ការថា បុគ្គល ប៊ុត ប៊ុនតិញ នេះ មិនមែនជាអ្នកបួសពុទ្ធសាសនាថេរវាទពិតប្រាកដទេ តែជាបុគ្គលអសីលធម៌ អគុណធម៌ គ្មានវិន័យ បុគ្គលទ្រុស្តសីល បុគ្គលមិនគួរគោរពបូជា និងជាបុគ្គលក្លែងបន្លំក្នុងសាសនា ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនដោយប្រព្រឹត្តអំពើទុច្ចរិត និងអនាចារផ្សេងៗគ្រប់រូបភាព។

ណៈសង្ឃពុទ្ធសាសនាកម្ពុជា មិនទទួលស្គាល់បុគ្គលនេះជាបព្វជិតតទៅទៀតឡើយ ដោយចាត់ទុកបុគ្គលនេះនៅក្រៅសហគមន៍សង្ឃខ្មែរចាប់ពីពេលនេះតទៅ ព្រោះបុគ្គល ប៊ុត ប៊ុនតិញ នេះធ្លាប់បានប្រមាទកាតទៀនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃគ្រប់ព្រះអង្គ និងព្រះមហាថេរផ្សេងៗទៀត ព្រមទាំងថ្នាក់ដឹកនាំប្រទេស មានសម្ដេចតេជោជាដើម៕

ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់គណៈសង្ឃនាយក៖