(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំការពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋ និងព្រះសង្ឃដោយពុំគិតថ្លៃ៥៧៥អង្គ/នាក់ នៅឃុំស្រឡៅ និងឃុំទ្រៀល។

លោក ហាក់ ម៉ុងហួត បានលើកឡើងថា មានសន្តិភាព ទើបមានព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។

គួរជម្រាបថា ព្រឹត្តិការណ៍កីឡាស៉ីហ្គេមនឹងចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈអាស៊ានប៉ារ៉ាហ្គេមចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។

លោក ហាក់ ម៉ុងហួត បានបន្ថែមទៀតថា ការរត់ដង្ហែព្រះអគ្គិជ័យកីឡា (ភ្លើងគប់) កំពុងបន្តការដង្ហែតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ហើយនិងមកដល់ខេត្តកំពង់ធំ នៅថ្ងៃទី៤ ទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នឹងចាប់ផ្តើមជាផ្លូវការថ្ងៃទី៥ ខែឧសភាភា ឆ្នាំ២០២៣។

លោកបានបន្តទៀតថា ព្រឹត្តិការណ៍នេះជាបង្ហាញឲ្យឃើញកម្ពុជាមានលទ្ធភាព សមត្ថភាព និងសុខសន្តិភាព ដែលអាចទទួលរ៉ាប់រងជាម្ចាស់ផ្ទះ។ ម្យ៉ាងវិញទៀត ការមិនយកថ្លៃសំបុត្រចូលរួមទស្សនាទាំងភ្ញៀវជាតិនិងអន្តរជាតិធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែច្រើន និងទាក់ទាញភ្ញៀវមកទស្សនាតំបន់ទេសចរណ៍ច្រើនជាងមុន។

លោកអភិបាលស្រុកតាំងគោកក៏បានសំណូមពរប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស និងថែរក្សាសុខភាពរបស់ខ្លួន ជាពិសេសប្រុងប្រយ័ត្នខ្យល់ ផ្គររន្ទះជាដើម៕