(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្ដដល់ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (International Organization for Migration-IOM) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមាន លោកស្រី Sarah Lou - Arriola ជាប្រធាន សហការឱ្យបានជិតស្និទ្ធិជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូ ដើម្បីអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពជនទេសន្តរប្រវេសន៍ ទទួលបានជោគជ័យ។

ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសបានអនុញ្ញាតឱ្យលោកស្រី Sarah Lou - Arriola ប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (International Organization for Migration-IOM) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសវនាការ និងសម្ដែងការគួរសម ក្នុងឱកាសដែលលោកស្រី ត្រូវបានតែងតាំងជាប្រធានអង្គការ IOM ថ្មីប្រចាំតំបន់ ។ជំនួបនេះប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះនាទីស្ដីក្រសួងសុខាភិបាល។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសម្ដែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកស្រីប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងថ្លែងអំណរគុណចំពោះអង្គការ IOM ដែលបានសហការ និងគាំទ្រវិស័យសុខាភិបាល ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

លោកស្រីប្រធានអង្គការ IOM ប្រចាំតំបន់ ក៏បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ បានទទួលជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំ ចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជា បើកដំណើរការប្រទេស ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រីប្រធានអង្គការ IOM ក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានសហការ គាំទ្រដល់បេសកកម្មរបស់អង្គការ IOM សម្រេចបានសមិទ្ធផលមួយចំនួនដូចខាងក្រោម ជាពិសេស ដើម្បីចូលរួមចំណែកក្នុងការសម្រេចបានការគ្របដណ្ដបសេវាសុខភាព ជាសកល៖

*បានបង្កើតគោលនយោបាយជាតិស្តីពី សុខភាពជនទេសន្តរប្រវេសន៍ កាលពីខែមករាឆ្នាំ២០២១ បានបង្កើត និងដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី សុខភាពជនទេសន្តរប្រវេសន៍ឆ្នាំ២០២២-២០៣០ កាលពីចុងខែធ្នូ ឆ្នាំ២០២២ គាំទ្រដល់ដំណើរការក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រីក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់អង្គការ IOM ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងអង្គការ IOM និងបានជូនពរប្រធានអង្គការ IOM ប្រចាំតំបន់បានទទួលជោគជ័យក្នុងបេសកកម្ម៕