(ភ្នំពេញ)៖ ប្រមុខបេសកកម្មកីឡាស៊ីហ្គេមរបស់ប្រទេសសិង្ហបុរី លោក Hing Siong Chen បានកោតសរសើរយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា ថាបានរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេមបានយ៉ាងល្អប្រសើរ ក្នុងនាមជាម្ចាស់ផ្ទះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។

លោក Hing Siong Chen ធ្វើការកត់សម្គាល់ខាងលើប្រាប់សារព័ត៌មាន CNA នៅថ្ងៃពុធ ទី៣ ខែឧសភា នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងទីក្រុងភ្នំពេញ។ ថ្លែងនាឱកាសនោះ ប្រមុខបេសកកម្មកីឡាស៉ីហ្គេមនៃប្រទេសសិង្ហបុរី បានគូសបញ្ជាក់ដូច្នេះថា «យើងបានទៅទស្សនាកន្លែងប្រកួតមួយចំនួន ក្នុងទីក្រុងភ្នំពេញ ដូចជាការប្រកួតកីឡា cricket និងកីឡា hockey ព្រមទាំងទៅទស្សនាអាងហែលទឹកជាដើម។ ពួកគេមានកន្លែងហ្វឹកហាត់ថ្មីមួយដែលពួកគេបានសាងសង់ នោះគឺវា ជាកន្លែងហ្វឹកហាត់មួយដ៏ធំសម្រាប់អត្តពលិក ដូច្នេះពួកគេអាចធ្វើការហ្វឹកហាត់បានយ៉ាងប្រសើរ»។ លោក Hing Siong Chen បន្ថែមទៀតថា «ពួកគេដឹងយ៉ាងច្បាស់ ពីអ្វីដែលអត្តពលិកត្រូវការ ពីព្រោះថាពួកគេក៏ធ្លាប់ជាអត្តពលិកដែរ ហើយឥលូវពួកគេមកធ្វើជាអ្នករៀបចំ»។ ពួកគេរៀបចំបានយ៉ាងល្អប្រសើរ ពោលគឺល្អប្រសើរ លើសពីគ្រប់គ្រាន់សម្រាប់ការប្រកួតទៅទៀត។ ពួកគេពិតជារៀបចំបានយ៉ាងល្អប្រសើរ»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានវិញ្ញាសារកីឡាចំនួន ៣៦ ដែលត្រូវរៀបចំឡើងនៅក្នុងទីក្រុងមួយចំនួនរួមមាន ទីក្រុងភ្នំពេញ សៀមរាប និងព្រះសីហនុ។ ព្រឹត្តិការណ៍ស៊ីហ្គេមនឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃសុក្រ ទី៥ ខែឧសភានេះ ខណៈកីឡាមួយចំនួនដូចជាបាល់ទាត់ ហែលទឹក និង hockey កំពុងដណើរការការប្រកួតហើយ៕